ស្កាយបារជាកន្លែងស្ថិតនៅជាន់ដំបូល អាចស្រូបខ្យល់អាកាសស្រស់ថ្លា បរិយាកាសរ៉ូមែនទិក សំខាន់រាត្រីឆ្លងឆ្នាំអាចមើលឃើញការបាញ់កាំជ្រួចយ៉ាងច្បាស់ភ្នែក។ អ្នកមានគូស្នេហ៍ បើចង់ស្វីតខ្លាំង យើងសូមណែនាំស្កាយបារ ៦ កន្លែង ដែលកន្លែងនីមួយៗសុទ្ធតែមានរៀបចំកម្មវិធី មានម្ហូបអាហារ ភេសជ្ជៈ តន្ត្រី និង ការរាប់ថយក្រោយអបអរឆ្នាំថ្មីយ៉ាងអស្ចារ្យ។
១. La Vida Skybar
មកក្រោយគេមែនពិត តែមិនឱ្យចាញ់គេសោះឡើយ។ ទើបសម្ពោធផ្លូវការកាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣ នេះ La Vida បានក្លាយជាស្កាយបារកំពូលខ្ពស់ជាងគេនៅកម្ពុជា។ វាមានកម្ពស់ដល់ទៅ ២៣០ ម៉ែត្រ ស្ថិតនៅជាន់ទី ៤៨ នៃអគារ Morgan Tower កោះពេជ្រ។ ទីនេះក៏ធ្វើការលក់សំបុត្រសម្រាប់កម្មវិធីរាត្រីឆ្លងឆ្នាំផងដែរ។ ចំពោះតម្លៃសំបុត្រ មានពី ៦៨ ដុល្លារ ដល់ ៨៨ ដុល្លារ សម្រាប់មនុស្សធំ និង កូនក្មេង តម្លៃពី ៣៤ ដុល្លារ ដល់ ៤៤ ដុល្លារ។
២. Celeste Revolving Skybar
ស្ថិតនៅជាន់ទី ៤៣ នៃអគារ The Penthouse Residence ទល់មុខទៅនឹងផ្សារទំនើបអ៊ីនអន ១ ស្កាយបារវិលដំបូងគេនៅកម្ពុជានេះផ្តល់នូវការអង្គុយលម្ហែទស្សនាទិដ្ឋភាព ៣៦០ ដឺក្រេដោយមិនចាំបាច់ប្តូរកន្លែង។ រៀងរាល់នៅរាត្រីថ្ងៃឆ្លងឆ្នាំ ទីនេះមានការរៀបចំជាអាហារប៊ូហ្វេពេលល្ងាច រួមជាមួយកម្មវិធីសប្បាយៗដើម្បីរង់ចាំរាប់ថយក្រោយ និងមើលកាំជ្រួចហើយផ្តិតយករូបភាពយ៉ាងពេញចិត្ត។
៣. Sora Phnom Penh
ស្ថិតនៅជាន់ទី ៣៧ នៃអគារ Vattanac Capital បារមួយនេះអំណោយផលសម្រាប់ការលម្ហែអារម្មណ៍គយគន់ទិដ្ឋភាពថ្ងៃរៀបលិច រហូតដល់ទីក្រុងបញ្ចេញភ្លើងពណ៌ឆើតឆាយនាពេលរាត្រី។ នៅថ្ងៃឆ្លងឆ្នាំទៀតសោត ទីនេះមានរៀបចំកម្មវិធីទទួលទានអាហារដ៏ពិសេស ព្រមជាមួយការប្រគំតន្ត្រីផ្ទាល់រហូតដល់វិនាទីរាប់ថយក្រោយ។ កម្មវិធីមានឈ្មោះថា Alice in Wonderland New Year’s Eve។ ចំពោះការចូលរួម តម្លៃក្នុងម្នាក់ ៩៥ ដុល្លារឡើងទៅ។
៤. HighGround Skybar
បង្កប់ខ្លួនលើកំពូលអគារ Amass Central ក្នុងតំបន់បឹងកេងកង១ ទីនេះអនុញ្ញាតឱ្យយើងបានទស្សនាទិដ្ឋភាព ៣៦០ ដឺក្រេនៃទន្លេ ព្រះបរមរាជវាំង រួមទាំងទីក្រុងភ្នំពេញយ៉ាងស៊ីវិល័យ។ សម្រាប់ថ្ងៃឆ្លងឆ្នាំ ស្កាយបារនេះនឹងរៀបចំតុបតែងឱ្យប្រែក្លាយទៅជាឋានសួគ៌ដ៏ស្តុកស្តម្ភមួយសម្រាប់ការអបអរស្វាគមន៍ឆ្នាំថ្មី។ ជាពិសេសមានឌីជេចាក់ភ្លេងកំដរអារម្មណ៍ និង រាំលេងកម្សាន្តពេញមួយរាត្រី។ សំបុត្រចូលមានតម្លៃ ៧៩ ដុល្លារ អាចប្រើសម្រាប់ការកុម្មង់ម្ហូប និងភេសជ្ជៈ។
៥. FiveFive Rooftop Restaurant & Bar
ភោជនីយដ្ឋាន និង ស្កាយបារនេះគឺជាបេះដូងនៃសណ្ឋាគាររះថ្មីលំដាប់ផ្កាយ៥ Hyatt Regency Phnom Penh ដែលស្ថិតនៅទល់មុខនឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ជាមួយស្ទីលរចនាតុបតែងបែបសហសម័យ ស្កាយបារនៅជាន់ទី១៤នៃសណ្ឋាគារអាចឱ្យយើងបានលម្ហែអារម្មណ៍ជាមួយទេសភាពទន្លេមេគង្គ និង ព្រះបរមរាជវាំងយ៉ាងត្រជាក់ចិត្ត។ បើនិយាយពីអាហារ ទីនេះផ្តល់នូវមុខម្ហូបជាច្រើនមុខមានគ្រឿងសមុទ្រស្រស់ៗ ជម្រើសសាច់ពិសេសៗ ថែមទាំងមានឈុតអាហារសម្រាប់មនុស្សពីរនាក់ផងដែរ។ រីឯស្រាក្រឡុកសុទ្ធសឹងចម្រាញ់រសជាតិពោរពេញដោយភាពទាន់សម័យ និងច្នៃប្រតិដ្ឋបំផុត។ សម្រាប់ការចូលរួម តម្លៃក្នុងម្នាក់ ៦៨ ដុល្លារឡើងទៅ។
៦. The Deck
លាក់ខ្លួនលើអាកាសកណ្តាលក្រុងភ្នំពេញ ស្ថិតនៅជាន់ដំបូលនៃសណ្ឋាគារដ៏ស៊ីវិល័យ Courtyard Phnom Penh ស្កាយបារ The Deck ផ្តល់នូវការលម្ហែគន់ទេសភាពទីក្រុង និងសម្រស់ទន្លេយ៉ាងត្រជាក់ចិត្ត។ ទីនេះមានបម្រើជូននូវមុខម្ហូបបែបខ្មែរ និង អន្តរជាតិជាច្រើនមុខ ដែលសំខាន់ស្រាក្រឡុកបង្កើតឡើងរសជាតិប្រកបដោយភាពច្នៃប្រតិដ្ឋ។ ឆ្នាំនេះ ទីនេះក៏មានការរៀបចំកម្មវិធីសម្រាប់រាត្រីថ្ងៃឆ្លងឆ្នាំផងដែរ ឯតម្លៃវិញសមរម្យបំផុតគឺត្រឹមតែ ១៥ ដុល្លារក្នុងម្នាក់៕