ការលាងចាន គឺជាការងារដែលគ្រប់ក្រុមគ្រួសារត្រូវតែធ្វើជាប្រចាំ ប៉ុន្តែបើលាងមិនស្អាត ឬលាងមិនត្រូវវិធី វានឹងធ្វើឱ្យមានមេរោគជាប់នឹងចាន ជាប់ទៅនឹងអាហារ ដែលអាចឱ្យប៉ះពាល់ដល់សុខភាពសមាជិកគ្រួសារបាន។ ក្នុងនោះ ការលាងដោយ ៥ វីធីខាងក្រោមនេះ គឺងាយអាចនឹងបង្កឱ្យមានមេរោគណាស់ ៖
១. ការលាងចាន ជាមួយនឹងចានអ្នកមានជំងឺ
បើសិនជាសមាជិកក្នុងក្រុមគ្រួសារមានអ្នកដែលឆ្លងជំងឺ គួរណាស់តែប្រើប្រើស្លាបព្រាចានដោយឡែកពីគ្នា ហើយនៅពេលលាងក៏គួរតែលាងដាច់ពីគ្នាផងដែរ ដើម្បីចៀសវាងការឆ្លងមេរោគបន្តគ្នា។
២. ការត្រាំចានទុកយូរពេក
ការត្រាំចានទុកកាន់តែយូរ អាចនឹងងាយធ្វើឱ្យបាក់តេរីមេរោគនាំគ្នាចម្លងចែកចាយបានកាន់តែច្រើន ជាពិសេសគឺមានពួកសត្វល្អិតមកតោងមករោម ក្នុងនោះបើទោះជាលាងបានល្អត្រឹមត្រូវក៏ដោយក៏មិនប្រាកដថានឹងជ្រះមេរោគអស់នោះដែរ។ ដូច្នេះគួរកុំត្រាំចានចោលលើសពី ១ ទៅ ៤ ម៉ោងឱ្យសោះ ទទួលទានអាហារហើយគួរតែសម្អាតភ្លាមៗ ដើម្បីថែរក្សាសុខភាពទាំងអស់គ្នា។
៣. ការប្រើសាប៊ូលាងចានមិនត្រឹមត្រូវ
មានមនុស្សមួយចំនួនចូលចិត្តចាក់សាប៊ូទៅលើចាន ឬអេប៉ុងផ្ទាល់ រួចទើបធ្វើការលាង ប៉ុន្តែការធ្វើបែបនេះមិនត្រឹមតែធ្វើឱ្យខាតសាប៊ូលាងចានប៉ុណ្ណោះទេ តែក៏អាចឱ្យយើងជម្រះសាប៊ូមិនបានស្អាតផងដែរ។ លើសពីនេះការប្រើសាប៊ូលាងចានដែលមានគុណភាពទាប ក៏អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពដែរ។ យ៉ាងណាមិញ ការប្រើប្រាស់សាប៊ូលាងចានត្រឹមត្រូវ គឺត្រូវលាយជាមួយនឹងទឹកក្តៅអ៊ុនៗសិន រួចទើបយកមកធ្វើការលាងសម្អាតចានឆ្នាំង ការធ្វើបែបនេះនឹងធ្វើឱ្យសាប៊ូលាងចានមានប្រសិទ្ធភាពល្អជាងមុន។
៤. ការប្រើប្រាស់អេប៉ុងលាងចានយូរពេក
ពិតណាស់ អេប៉ុងលាងចាន និង កន្សែងជូតចានគឺជាកន្លែងដែលមេរោគអាចលាក់ខ្លួនបានយ៉ាងល្អ ដូច្នេះហើយគួរតែឧស្សាហ៍សម្អាតរបស់ទាំងពីរយ៉ាងនេះ ដោយការត្រាំទឹកក្តៅរយៈពេល ១០ នាទី ឬក៏ផ្លាស់ប្តូរក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃម្តង កុំប្រើឱ្យទាល់តែចាស់រិចរឹល។
៥. ការសម្ងួតមិនត្រឹមត្រូវ
ការសម្អាតចានដោយប្រើកន្សែង ឬក្រណាត់ជូតអាចធ្វើឱ្យមេរោគបាក់តេរីងាយនឹងតោងបានច្រើន បើសិនជាយើងជូតមិនបានល្អ។ វិធីដែលល្អ គឺក្រោយពីលាងហើយ គួរតែដាក់ចានហាលចោលនៅកន្លែងដែលមានបរិយាកាសចេញចូលបានល្អ ព្រោះវាធ្វើឱ្យចានឆាប់ស្ងួត និងសម្លាប់មេរោគបានយ៉ាងល្អ៕