បើគិតចាប់តាំងពីឆ្នាំ ២០២១ កន្លងមក ទល់នឹងបច្ចុប្បន្ន គេសង្កេតឃើញមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវកូនដំរីញីចំនួន ២ ក្បាល ដែលមានសាច់រឿងគួរឱ្យចាប់អារម្មណ៍ និង គួរឱ្យអាណិតស្រឡាញ់ រហូតមានមហាជនជាច្រើននាំគ្នាទៅលេងជាហូរហែ និង រំឭកពីឈ្មោះរបស់ពួកវាជាបន្តបន្ទាប់។
១. កូនដំរីញី ឈ្មោះណូអែល
ណូអែល ត្រូវបានគេស្គាល់ថា ជាកូនដំរីតូចញីមួយក្បាលដ៏គួរឱ្យស្រឡាញ់ ដែលបានកើតចេញពីការបង្កកំណើតរបស់មេដំរីតែមួយគត់ក្នុងខេត្តរតនៈគិរី មានអាយុ ៣៦ ឆ្នាំ មានឈ្មោះថា អ៊ីកែវ និង បានកើតនៅក្នុងឱកាសបុណ្យណូអែល ស្ថិតក្នុងខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ទើបដំរីដ៏គួរឱ្យស្រឡាញ់នេះ ត្រូវបានគេដាក់ឈ្មោះថា «ណូអែល» តែម្ដង។ គិតមកត្រឹមចុងឆ្នាំ ២០២៤ នេះ ណូអែល មានអាយុ ៣ ឆ្នាំពេញហើយ នឹងត្រូវបានសមាគមអៃរាវត្តា ក៏ដូចជាសប្បុរសជន តែងធ្វើខួបកំណើតឱ្យកូនដំរីញី ណូអែល ដ៏គួរឱ្យស្រឡាញ់នេះ ជារៀងរាល់ឆ្នាំ។
២. កូនដំរីញី ឈ្មោះ លំផាត់
លំផាត់ គឺជាកូនដំរីញី ដែលមានអាយុប្រហែល ៥ ខែ មានទំងន់ ១៣៨ គីឡូក្រាម ជាកូនដំរីដែលមានរបួសជើងខាងស្តាំ (កជើងមុខ) ដោយសារអន្ទាក់ នាពេលថ្មីៗនេះ។ កូនដំរីលំផាត់ ត្រូវបាន ក្រុមអភិរក្សដែនជម្រកសត្វព្រៃលំផាត់ ជួបប្រទះនៅក្បែទីស្នាក់ការ ដោយមានឆ្កែមួយក្រុមកំពុងដេញ ទើបក្រុមការងារបានចាប់កូនដំរីនេះមកថែរក្សា និង ទំនាក់ទំនងក្រុមគ្រូពេទ្យសត្វអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ទៅជួយព្យាបាល។
ដោយសារ លំផាត់ រងរបួសជើងធ្ងន់ព្រោះអន្ទាក់ព្រានព្រៃ និង មិនទាន់អាចស៊ីចំណីបាន ហើយត្រូវការមើលថែ និង បំបៅ ទើបក្រុមការងារសម្រេចស្នើគោលការណ៍ថ្នាក់លើ ដឹកជញ្ជូនកូនដំរីនេះ មកថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និង សួនភូតគាម ភ្នំតាម៉ៅ។
បច្ចុប្បន្ននេះ លំផាត់ ទទួលបានការអាណិតស្រឡាញ់ជាច្រើនពីសំណាក់មហាជន ដែលក្នុងនោះមានសប្បុរសជន និង បុគ្គលល្បីៗជាច្រើន នាំគ្នាទៅលេង លំផាត់ ផ្ទាល់ដល់ភ្នំតាម៉ៅ ព្រមទាំងបានទិញទឹកដោះគោឱ្យវាទៀតផង ព្រោះថាវានៅតូចត្រូវបៅទឹកដោះគោរហូត រយៈពេល ២ ម៉ោងម្ដង៕