កាលពីព្រលឹមថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) មានរឿងរ៉ាវដ៏រន្ធត់មួយនៅចុងឆ្នាំ ២០២៤ នេះ ដោយលោក Brian Thompson ជា CEO ក្រុមហ៊ុនធានារ៉ាប់រង UnitedHealthcare ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហាររហូតបាត់បង់ជីវិតនៅតំបន់ Manhattan ក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។
បើតាមការសង្កេតក្នុងកាមេរ៉ា ខ្មាន់កាំភ្លើងរូបនោះបានរង់ចាំក្បែរសណ្ឋាគាររយៈពេលប្រមាណជា ១០ នាទី មុនចាប់ផ្ដើមធ្វើសកម្មភាពបាញ់ប្រហារទៅលើជនរងគ្រោះដែលជាគោលដៅរបស់គេ។ ខ្មាន់កាំភ្លើងបានបាញ់ប្រហារលើជនរងគ្រោះជាច្រើនគ្រាប់រហូតលោកដួលនៅនឹងកន្លែង។ ក្រោយបាញ់ប្រហាររួច រូបគេថែមទាំងដើរទៅពិនិត្យមើលបញ្ជាក់ថែមទៀត មុនរត់គេចឆ្លងកាត់ផ្លូវទៅច្រកផ្លូវចន្លោះផ្លូវទី ៥៤ និង ៥៦ មុនបន្តដើរឆ្លងទៅដងវិថីទី ៦ បន្ទាប់មកក៏លោតឡើងលើកង់អគ្គិសនីជិះគេចខ្លួនបាត់ទៅ។
ខណៈប៉ូលិសកំពុងដាក់ការស៊ើបអង្កេតលើករណីឃាតកម្មដ៏សាហាវមួយនេះ និង កំពុងស្វែងរកគោលបំណងនៃការបាញ់ប្រហារលើ CEO ក្រុមហ៊ុនធានារ៉ាប់រងខាងលើ ឥលូវនេះខាងក្រុមភ្នាក់ងារស៊ើបអង្កេតបានទម្លាយឱ្យដឹងថា ពួកគេបានរកឃើញសំបកគ្រាប់គាំភ្លើងដែលបន្សល់ទុកនៅកន្លែងកើតហេតុមានភ្ជាប់មកជាមួយពាក្យសម្ងាត់ចំនួន ៣ ចារជាប់លើនោះ ដោយពាក្យទាំង ៣ នោះមានដូចជា «Deny, Defend និង Depose» ដែលប្រែជាភាសាខ្មែរថា «បដិសេធ,ការពារ និង ដោះលែង»។
បច្ចុប្បន្នខាងក្រុមស៊ើបអង្កេតកំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីស្វែងរកអត្ថន័យបង្កប់នៃពាក្យសម្ងាត់ទាំង ៣ នោះដោយពាក្យទាំងនេះអាចជាដំរួយឈានទៅរកគោលបំណងពិតប្រាកដនៃការសម្លាប់ CEO ក្រុមហ៊ុនវ័យ ៥០ ឆ្នាំខាងលើ៕
ប្រភព៖ Dailymail