តាមសេចក្ដីរាយការណ៍របស់ក្រសួងកសិកម្មរបស់ប្រទេសថៃ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះបានឱ្យដឹងថា អគ្គនាយកដ្ឋានគយនៃប្រទេសចិន (GACC) បានរាយការណ៍ពីបញ្ហានៃការប្រើប្រាស់ថ្នាំជ្រលក់ “Basic Yellow 2” ទៅលើផ្លែទុរេនដែលបាននាំចូលក្នុងប្រទេសរបស់ខ្លួន ដែលសារធាតុនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចាត់ថ្នាក់ជាសារធាតុបង្កមហារីកក្រុម 2B ។
ក្រោយពីបានប្រទះឃើញបញ្ហានេះ ខាងចិនបានតម្រូវឱ្យរឹតបន្តឹងការពិនិត្យទៅលើផ្លែទុរេនដែលនាំចូលមកពីប្រទេសថៃគ្រប់ច្រក ដោយជាពិសេសពិនិត្យទៅលើ Basic Yellow 2 និង Cadmium ហើយបើសិនជាពិនិត្យឃើញ នោះនឹងត្រូវផ្អាកការនាំចូលជាបន្ទាន់ ដែលគោលការណ៍នេះនឹងអនុវត្តចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ តទៅ។
យ៉ាងណាមិញ លោក Sanchai ប្រធានសមាគមពាណិជ្ជករ និងការនាំចេញផ្លែឈើរបស់ថៃ កំពុងតែជំរុញឱ្យមានការចរចាគ្នារវាងថៃ និង ចិន ហើយផ្តោតទៅលើបញ្ហាពាក់ព័ន្ធដូចជារៀបចំវិធីសាស្រ្តក្នុងការពិសោធ និង មន្ទីរពិសោធន៍ ដើម្បីជួយឱ្យមានការពន្លឿនការត្រួតពិនិត្យ ទាន់ទុរេននាំចេញនៅមានបរិមាណតិចតួច និង ការពារកុំឱ្យមានផលប៉ះពាល់ខ្លាំងជាងនេះ៕
ប្រភព៖ Khoasod