នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ នេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការស្រាវជ្រាវរបស់កងរាជអាវុធហត្ថទៅលើករណីរថយន្តសារ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871។
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និង ចុះទៅដល់ទីតាំងលំនៅឋានរបស់បុគ្គលដែលពាក់ព័ន្ធនឹងរថយន្តសារ៉ែនអូសក្បួននោះ ហើយបានកោះអញ្ជើញបុគ្គលពាក់ព័ន្ធមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីបំភ្លឺ។
ជាក់ស្ដែង ក្រោយពីបានស្តាប់ដំណើររឿង និង អង្គហេតុរួចមក កម្លាំងជំនាញកងរាជអាវុធហត្ថ បានអប់រំបុគ្គលដែលពាក់ព័ន្ធឱ្យយល់ដឹងអំពីការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស សិទ្ធិអាទិភាពធ្វើចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា និង បានធ្វើកិច្ចសន្យាកុំឱ្យប្រព្រឹត្តទង្វើបែបនោះតទៀត ជាពិសេសត្រូវចូលរួមគោរពច្បាប់លិខិតបទដ្ឋានគតិយុត្តនានា។
តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថា ចំពោះម្ចាស់រថយន្តសារ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 បានប្រគល់ជូនអង្គភាពសាមី ដើម្បីចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យកងទ័ព៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖