នៅរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ នេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានចេញសេចក្តីជូនដំណឹងដ៏ក្រៀមក្រំមួយ នៃការពលីជីវិតរបស់មន្ត្រីជំនាញ ២ រូប ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីនតោននៅខេត្តឧត្តរមានជ័យ។
តាមសេចក្តីជូនដំណឹងដ៏សោកសៅនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានជម្រាបឱ្យដឹងថា នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ ម៉ោងប្រមាណជា ៧ និង ៤៥ នាទីព្រឹក មានករណីឧបទ្ទវហេតុផ្ទុះមីនតោននៅក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បណ្តាលឱ្យអ្នកឯកទេសបោសសម្អាតមីនររបស់អង្គភាព CMAC ចំនួន ២ រូប ប្រចាំទីនោះ បាត់បង់ជីវិតខណៈកំពុងបំពេញប្រតិបត្តិការបោសសម្អាតមីនរំដោះដីស្រែរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើ។
ក្នុងនោះ មន្ត្រីជំនាញអង្គការ CMAC ចំនួន ២ រូប ដែលធ្វើការពលីជីវិតក្នុងពេលកំពុងប្រតិបត្តការបោសសម្អាតមីននោះដែរ មានដូចជា លោក ពៅ នេពីន និង លោក អឿន ចាន់ណារ៉ា។ ដំណឹងនេះដែរ បានធ្វើឱ្យមហាជនចូលរួមសោកស្តាយ និង រំលែកទុក្ខយ៉ាងសោកសៅនៃការបាត់បង់មន្ត្រីជំនាញទាំង ២ រូប នេះ៕
សូមអានព័ត៌មានលម្អិត៖
ប្រភព៖ អង្គភាព CAMC