សារព័ត៌មាន South China Morning Post បានរាយការណ៍ឱ្យដឹងពីសកម្មភាពដ៏ចម្លែករបស់បុគ្គលិកនៅក្នុងក្រុមហ៊ុនមួយនៅប្រទេសចិន ដែលនាំគ្នាក្រាបនៅនឹងដីដើម្បីគោរពចៅហ្វាយនាយ ព្រមទាំងនិយាយពាក្យប្តេជ្ញាប្លែកៗទៀត។
តាមរយៈវីដេអូបានបង្ហាញឱ្យឃើញថា មានបុគ្គលិកប្រមាណជា ២០ នាក់ មានប្រុសមានស្រី បាននាំគ្នាក្រាបផ្ទាល់នៅនឹងឥដ្ឋតាមមាត់ផ្លូវចូលរបស់ក្រុមហ៊ុន ព្រមទាំងបានងើយមុខស្រែកខ្លាំងៗថា «សាខា Qi Ming សូមស្វាគមន៍ចៅហ្វាយ មិនថារស់ ឬ ស្លាប់ យើងនឹងមិនធ្វើឱ្យបរាជ័យក្នុងបេសកកម្មការងាររបស់យើងឡើយ»។
វីដេអូមួយនេះត្រូវបានគេចែកចាយទៅយ៉ាងសុសសាយនៅក្នុងបណ្តាញសង្គម ដែលបង្កឱ្យមានការរិះគន់ពីសំណាក់មហាជនយ៉ាងក្តៅគគុកមិនដាច់ រហូតដល់ខាងក្រុមហ៊ុនបានចេញមុខបកស្រាយ ដោយបដិសេធថានេះចៅហ្វាយមិនដែលចូលរួម ឬបង្កើតសកម្មភាពដូច្នេះឡើយ។ ដោយឡែក ខាងមន្រ្តីពាក់ព័ន្ធក៏បានធ្វើការត្រួតពិនិត្យទាក់ទងនឹងករណីនេះដូចគ្នា ព្រោះករណីនេះអាចជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់បុគ្គលិកក្រុមហ៊ុន៕
ប្រភព៖ Kapook