សារព័ត៌មាន Ettoday បានរាយការណ៍ពីរឿងរ៉ាវរបស់ក្រុមហ៊ុនមួយនៅប្រទេសចិន ដែលបានទិញឆ្នោតចែកបុគ្គលិកជាកាដូបំណាច់ឆ្នាំ ដល់មានអ្នកត្រូវ ៨០ ម៉ឺនដុល្លារ ស្រាប់តែក្រុមហ៊ុនទារលុយរង្វាន់វិញ។
តាមព័ត៌មានបានឱ្យដឹងថា ខាងក្រុមហ៊ុនបានទិញឆ្នោតចំនួន ៥០០ សន្លឹកមកចែកបុគ្គលិកគ្រប់គ្នា ដើម្បីបង្កើតការសប្បាយរីករាយឱ្យបុគ្គលិកនៅបំណាច់ឆ្នាំ។ ជាសំណាងធំ ស្រាប់តែមានអ្នកត្រូវរហូតដល់ទៅ ៦.០៨ លានយ័ន ដែលស្មើប្រមាណនឹង ៨០ ម៉ឺនដុល្លារ ប៉ុន្តែខាងក្រុមហ៊ុនបានឱ្យបុគ្គលិករូបនោះ យកលុយរង្វាន់ទៅប្រគល់ឱ្យក្រុមហ៊ុនវិញ ហើយនឹងយកចែកបុគ្គលិកទាំងអស់ឱ្យស្មើៗគ្នា ដែលធ្វើឱ្យបុគ្គលិកជាម្ចាស់ឆ្នោតកើតការមិនពេញចិត្តជាខ្លាំង។
យ៉ាងណាមិញ ដោយសារតែការមិនពេញចិត្ត ទើបខាងបុគ្គលិក និង ក្រុមហ៊ុនក៏បានទៅនិយាយចរចារគ្នាទៅតាមផ្លូវច្បាប់ដល់ប៉ុស្តិ៍ប៉ូលិស។ ដោយឡែក ក្រោយពីរឿងរ៉ាវនេះត្រូវបានគេចែកចាយទៅ មានមហាជនច្រើនណាស់បានបញ្ចេញនូវមតិរៀងខ្លួនៗ ដោយអ្នកខ្លះក៏យល់តាមក្រុមហ៊ុន ឯអ្នកខ្លះទៀតក៏យល់តាមបុគ្គលិកដែលជាម្ចាស់ឆ្នោត៕
ប្រភព៖ Kapook