ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី ១១ ខែមករា ឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី (Angkormilk) បានរៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំដ៏ធំមួយ នៅឯសណ្ឋាគារ សុខា ភ្នំពេញ សម្រាប់ថ្លែងអំណរគុណ និង អបអរសាទរ ចំពោះលទ្ធផលអាជីវកម្ម ប្រចាំឆ្នាំ ២០២៤ ដល់ដៃគូធុរកិច្ច ទូទាំងប្រទេស។
នៅក្នុងកម្មវិធីនោះដែរ លោកអគ្គនាយក ក្រុមហ៊ុន Angkormilk បានមានប្រសាសន៍ ថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រ និង ជ្រាលជ្រៅបំផុត ទៅដល់ដៃគូធុរកិច្ចទូទាំងប្រទេស ហើយធ្វើការប្តេជ្ញាចិត្តនឹងខិតខំប្រឹងប្រែង អភិវឌ្ឍឥតឈប់ឈរជានិច្ច ក្នុងការលើកកម្ពស់គុណភាពផលិតផល និង សេវាកម្ម ដើម្បីឆ្លើយតបទៅតាមតម្រូវការ ព្រមទាំងបន្តវិនិយោគបន្ថែមទៅលើបច្ចេកវិទ្យា បណ្តុះបណ្តាលនិយោជិតផ្នែកលក់ អភិវឌ្ឍនូវផលិតផលថ្មីៗបន្ថែម និង កម្មវិធីប្រូម៉ូសិនធំៗ សម្រាប់អ្នកប្រើប្រាស់ចុងក្រោយ ព្រមទាំងកម្មវិធីលើកទឹកចិត្តជាច្រើនបន្ថែមទៀត សម្រាប់ដៃគូធុរកិច្ច ទូទាំងប្រទេស ដើម្បីនាំមកនូវបទពិសោធន៍ និង ប្រាក់ចំណេញខ្ពស់។ នៅពេលអនាគត ក្រុមហ៊ុននឹងធ្វើការសិក្សាដើម្បីពង្រីករោងចក្រ និង ឃ្លាំងទំនិញបន្ថែម ជាពិសេសគឺបង្កើនការផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីឱ្យអតិថិជនកាន់តែច្រើន បានស្គាល់ដល់ផលិតផល Angkormilk។
ជាក់ស្តែងតាមយុទ្ធសាស្ត្រទីផ្សារ របស់ក្រុមហ៊ុន គឺនៅដើមឆ្នាំ ២០២៥ នេះ ក្រុមហ៊ុនបានចេញលក់នូវផលិតផលថ្មី គឺទឹកដោះគោស្រស់ ១០០% អង្គរមីល ចំណុះ ១១០ មល និង ១៨០ មល ដែលមានរូបរាងប្រអប់ថ្មីប្លែក រសជាតិឈ្ងុយឆ្ងាញ់។ និងយាអួ អង្គរមីល រសជាតិថ្មីប្លែក ១ មុខទៀត ដែលនឹងចេញលក់ ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាចុងក្រោយ ក្រុមហ៊ុន Angkormilk សង្ឃឹមថា នឹងបន្តទទួលបានការគាំទ្រ និង សហការល្អ ពីបណ្តាដៃគូធុរកិច្ចទាំងអស់ ទូទាំងប្រទេស ក្នុងបណ្តាឆ្នាំខាងមុខទៀត ព្រមទាំងគោរពជូនពរ ដល់ដៃគូធុរកិច្ចទាំងអស់ ប្រកបដោយសុខភាពល្អបរិបូរណ៍ សុភមង្គល និង ជោគជ័យជានិច្ចនិរន្តរ៍៕