ក្រោយពីបានចេញមុខបកស្រាយជុំវិញរឿងរ៉ាវពហិកាមិនបន្តចូលរួមប្រកួតលើឆាកអន្តរជាតិម្ដងហើយម្ដងទៀតទៅកាន់បងប្អូនមហាជនអ្នកគាំទ្រនោះ មកដល់ពេលនេះ ដេត ស្រីនាឌ នៅតែមិនទាន់ទទួលបានការយោគយល់គាំទ្រវិញទាំងស្រុងឡើយ ដោយឃើញនៅលើបណ្ដាញសង្គមនៅតែមានមហាជនបញ្ចេញមតិវែកញែកពេលនាងបង្ហាញសកម្មភាពផ្សេងៗម្ដងៗ។
ដោយឡែក ដ្បិតតែបានដឹងខ្លួនថាពេលនេះមិនទាន់ទទួលគាំទ្រពីមហាជនអ្នកគាំទ្រដូចដើមវិញមែន ប៉ុន្តែថ្មីៗនេះ ក៏បានឃើញកញ្ញា ដេត ស្រីនាឌ បង្ហោះប្រកាសលើហ្វេសប៊ុកជាថ្មីពាក់ព័ន្ធវិស័យបវរកញ្ញា ដោយនាងនៅតែប្រកាន់ជំហរបង្ហាញឆន្ទៈចង់ចូលរួមប្រកួតបវរកញ្ញាម្ដងទៀត ដោយជ្រើសរើសកម្មវិធីណាមួយដើម្បីបញ្ចេញសមត្ថភាពប្រកួតក្នុងឆ្នាំ ២០២៥ នេះ។
សារនោះ កញ្ញា ដេត ស្រីនាឌ បានបង្ហោះរៀបរាប់ថា ៖ «ជំរាបសួរ លោកអ៊ំ ពូមីង លោកតាលោកយាយ និង ពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ នាងខ្ញុំមិនអាចដូរការគិតរបស់បងប្អូនចំពោះនាងខ្ញុំក្នុងបញ្ហាដែលបានកើតឡើងកន្លងមក ហើយនាងខ្ញុំមិនអាចបកស្រាយឱ្យអស់សេចក្តីនូវគ្រប់ករណីទេ តែរូបនាងខ្ញុំបានសម្រេចចិត្តថា ឆ្នាំថ្មី ឆ្នាំ 2025 នាងខ្ញុំនឹងជ្រើសរើសការបង្ហាញឆន្ទៈរបស់ខ្ញុំចំពោះវិស័យបវរកញ្ញាក្នុងកម្មវិធី Miss ណាមួយដើម្បីចូលប្រកួត ហើយខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពនូវអ្វីដែលនាងខ្ញុំមាន និង សូមពុកម៉ែបងប្អូនផ្តល់ឱកាសឱ្យនាងខ្ញុំបានបង្ហាញនូវឆន្ទៈ និង គោលដៅរបស់នាងខ្ញុំដោយការអនុគ្រោះ ខ្ញុំដួលកន្លែងណាខ្ញុំនឹងខំប្រឹងក្រោកឈរនៅកន្លែងនោះ»។
យ៉ាងណាមិញ ក្រោយដំណឹងខាងលើត្រូវបានចែករំលែកនៅលើបណ្តាញសង្គមនានា និង តាមសារព័ត៌មានជាបន្តបន្ទាប់នោះ ស្រាប់តែអ្នកគាំទ្រវិស័យបវរកញ្ញាកំពុងចាប់ផ្តើមសង្ស័យថា ដេត ស្រីនាឌ អាចនឹងចូលរួមប្រកួតកម្មវិធី Miss Supranational Cambodia 2025 ឬយ៉ាងណា ខណៈ National Director កម្មវិធីខាងលើ គឺលោក ភួង វណ្ណដា បានចែករំលែកនូវព័ត៌មាន ស្រីនាឌ ចូលប្រកួតជាថ្មីនេះ ទាំងលើគណនីហ្វេសប៊ុក និង Story ផ្ទាល់ខ្លួនរបស់លោក។
ទោះជាយ៉ាងណា ការសង្ស័យនេះ ក៏មិនទាន់ច្បាស់ការនៅឡើយ ក៏ព្រោះលោក ភួង វណ្ណា នៅមិនទាន់បានឆ្លើយតប ឬបញ្ជាក់ច្បាស់លាស់នៅឡើយទេ ខណៈមានមហាជនបានសាកសួរទៅកាន់លោកជាច្រើនហូរហែ៕