នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម បានចែករំលែកចំណេះដឹងពីអត្ថប្រយោជន៍មួយចំនួន ដែលសមាជិក ប.ស.ស ត្រូវទទួលបាន ពេលក្លាយជាសោធនិក ឬពេលចូលនិវត្តន៍។
មុននឹងបញ្ជាក់ពីអត្ថប្រយោជន៍ បេឡាជាតិសន្តិសុខសង្គម ក៏បានណែនាំឱ្យដឹងផងដែរថា ដើម្បីទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬ ប្រាក់រ៉ឺត្រែត) កម្មករនិយោជិតទាំងអស់ ត្រូវបំពេញលក្ខខណ្ឌមួយចំនួនសិនរួមមាន ៖
– បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន
– បានបង់ភាគទានមក ប.ស.ស. យ៉ាងតិច ១២ ខែ
– មានអាយុយ៉ាងតិច ៦០ ឆ្នាំ
ក្នុងនោះ ចំពោះអត្ថប្រយោជន៍ដែលសមាជិក ប.ស.ស ត្រូវទទួលបានពេលក្លាយជាសោធនិក មានដូចខាងក្រោម៖
១. ទទួលបានប្រាក់សោធនជរាភាពជាប្រចាំខែ
២. ទទួលបានការព្យាបាលនៅមន្ទីពេទ្យដៃគូ ប.ស.ស. ដោយឥតបង់ថ្លៃ
៣. ទទួលបានប្រាក់វិភាជន៍បូជាសពនៅពេលទទួលមរណភាព
៤. ទទួលបានប្រាក់សោធនឧត្ដរជីវី (នៅពេលអ្នកចូលនិវត្តន៍ទទួលមរណភាព ប្ដី ឬប្រពន្ធ និង កូននៅក្នុងបន្ទុកនឹងទទួលបានប្រាក់ ៤៥ ភាគរយ នៃប្រាក់ចូលនិវត្តន៍របស់អ្នកចូលនិវត្តន៍)។
ចំណាំ ៖ នៅពេលដល់អាយុយ៉ាងតិច ៦០ ឆ្នាំ កម្មករនិយោជិតមានសិទ្ធិស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) បាន៕