ប្រិយមិត្តច្បាស់ជានៅចាំមិនខាន កាលពីប៉ុន្មានឆ្នាំមុនតារាស្រី រ័ត្ន រចនា បានផ្ទុះប្រជាប្រិយភាពខ្លាំង បន្ទាប់ពីលើកយកបទ «មេម៉ាយសប្បាយចិត្ត» មកច្រៀងឡើងវិញ ដែលបទនេះ ត្រូវបានគេដឹងថា ជាសំនៀងដើមរបស់អ្នកស្រី ប៉ែន រ៉ន ហើយចាប់តាំងពីពេលនោះមក ភាពល្បីល្បាញរបស់ រ័ត្ន រចនា ក៏កាន់តែសុសសាយមកដល់បច្ចុប្បន្ន។
ក្រោយសាងឈ្មោះល្បីល្បាញលើវិថីសិល្បៈប៉ុន្មានឆ្នាំមកនេះ រ័ត្ន រចនា ក៏ចាប់ផ្ដើមកែប្រែរូបរាងខ្លួនឯងបន្តិចម្ដងៗ ដែលពេលនេះ នាងហាក់ដូចជាមនុស្សស្រីម្នាក់ផ្សេងទៀត ជាមួយនឹងរូបរាងដងខ្លួនតូចច្រឡឹង សាច់ឈាមភ្លឺសថ្លា បន្ទាបពីសម្រកគីឡូដោយជោគជ័យរហូតដល់ទៅជាង ២០ គីឡូ ហើយបច្ចុប្បន្នគេក៏ឃើញ រ័ត្ន រចនា បង្ហាញខ្លួនជាតារាចម្រៀងឱ្យក្រុមតន្រ្តីរបស់លោក យ៉ែម សំអូន ផងដែរ។
ជាមួយរូបរាងថ្មីនៅត្រឹមខ្ទង់ ៥០ គីឡូ រ័ត្ន រចនា កាន់តែជឿជាក់លើខ្លួនឯង ហើយថ្មីៗនេះ រ័ត្ន រចនា ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រកោតសរសើរម្ដងទៀត បន្ទាប់ពីនាងបង្ហាញខ្លួនទៅលើលេងទឹកដីមណ្ឌលគិរី ដោយនាងបានថតរូបភាពថ្មីៗបង្ហោះលើគណនីហ្វេសប៊ុក បង្ហាញពីសម្រស់បច្ចុប្បន្នកាន់តែក្មេងស្អាតមើលសឹងមិនស្គាល់៕