នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ ពិធីបុណ្យសព ៧ ថ្ងៃ របស់តារាចម្រៀងរ៉េបល្បីឈ្មោះ RtuhKo បានរៀបចំឡើងតាមប្រពៃណីរួចរាល់ហើយ ក្រោយពីលោកបានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតនៅវេលាម៉ោង ១ និង ៤០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។
ក្នុងនោះ ការបាត់បង់សិល្បករក្នុងវិស័យចម្រៀងរ៉េប RuthKo បានធ្វើឱ្យក្រុមគ្រួសារ មិត្តភក្តិ និង មហាជនអ្នកគាំទ្រនៅមិនទាន់ទទួលយកបាននៅឡើយទេ ព្រោះលោកគឺជាធនធានមនុស្សដ៏ល្អពោរពេញដោយសមត្ថភាពមួយរូបក្នុងសង្គម និង វិស័យសិល្បៈ។
ដោយឡែក មុនពិធីបុណ្យ ៧ ថ្ងៃ របស់លោក RuthKo ពោលគឺនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ នោះ ក្រុមគ្រួសារ និង មិត្តភក្តិរបស់តារាចម្រៀងរ៉េបរូបនេះ បានទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីរៀបចំពិធីតាមព្រះពុទ្ធសាសនាបង្សុកូលជូនលោក និង អញ្ជើញព្រលឹងលោកទៅផ្ទះធ្វើបុណ្យ ៧ ថ្ងៃ តាមប្រពៃណី។
អ្វីដែលធ្វើឱ្យមហាជន និង អ្នកគាំទ្រទប់ទឹកភ្នែកមិនជាប់នោះ ក្រោយឃើញរូបភាពដង្ហោយហៅរបស់អ្នកម្តាយ និង បងស្រី ព្រមទាំងក្រុមគ្រួសារ មិត្តភក្តិ RuthKo នៅទីតាំងកើតហេតុយ៉ាងអាលោះអាល័យ។ ជាងនេះទៅទៀត រូបភាពអ្នកម្តាយរបស់ RuthKo បានស្រែកយំឱនក្រាបនៅកន្លែងកើតហេតុ ដែលកូនប្រុសបានស្លាប់ ដោយបន្សល់ទុកនៅដាមឈាមនៅឡើយនោះ៕