នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញយុវជនមួយចំនួនតូចតែងនិយមត្អូញត្អែរអំពីសេចក្ដីស្នេហារបស់ខ្លួន ដែលទៅមុខដោយពុំសមប្រកប និង មិនហ៊ានសម្រេចចិត្តសារភាពស្នេហ៍ ដោយយល់ថាខ្លួនពុំមានរូបរាងស្អាតបាតសមសួន ខ្លះគីឡូតូចពេក ខ្លះគីឡូធំពេក ខ្លះគ្មានលទ្ធភាពលុយកាក់ ទើបមិនអាចបន្តពន្លកស្នេហ៍ ដឹកដៃមនុស្សដែលខ្លួនលួចស្រឡាញ់បាន។
នេះជាការយល់ច្រឡំដ៏ធំរបស់យុវវ័យ ដែលតាមពិតទៅមនុស្សស្រីមិនបានស្រឡាញ់មនុស្សប្រុសដែលមានត្រឹមតែរូបរាងស្រស់ស្អាតបែបនេះបែបនោះ ឬ ស្រឡាញ់ត្រឹមការដែលមានលុយកាក់ទ្រព្យសម្បត្តិនោះឡើយ ពោលគឺបើទោះជាអ្នកមានរូបរាងស្គម ធាត់ ឬ គ្មានលុយកាក់ ឱ្យតែមានចំណុច ៤ យ៉ាងនេះ ធានាថាមិនខ្វះមនុស្សស្រីបាក់ចិត្តស្រឡាញ់អ្នកឡើយ។
១. អ្នកត្រូវជាមនុស្សម្នាក់ដែលតែងធ្វើឱ្យនាងរីករាយ
ជាទូទៅ មនុស្សស្រីតែងស្រឡាញ់នរណាម្នាក់ ដែលអាចធ្វើឱ្យគេសប្បាយចិត្តបាន ទោះបីជាស្ថិតនៅក្នុងស្ថានភាពយ៉ាងណាក៏ដោយ។ ដូច្នេះអ្នកត្រូវជាបុគ្គលដែលចេះបត់បែន ព្យាយាមធ្វើឱ្យនាងសប្បាយចិត្ត តាមរយៈការលើកទឹកចិត្ត ការប្រើពាក្យបារម្ភដែលគួរឱ្យចាប់អារម្មណ៍ និង ដឹកដៃនាងធ្វើអ្វីដែលនាងចង់ធ្វើជាដើម ព្រោះថាពេលខ្លះភាពសប្បាយរីករាយ មិនអាចយករូបសម្បត្តិខាងក្រៅ ឬ ប្រាក់ទៅទិញបានឡើយ។
២. យកចិត្តទុកដាក់ និង គាំទ្រនូវអ្វីដែលនាងធ្វើ
ជាមនុស្សស្រី គេតែងចង់បានបុរសម្នាក់ដែលព្រួយបារម្ភ និង យកចិត្តទុកទៅលើគេ ជាជាងការខ្វាយខ្វល់ពីរូបសម្បត្តិ ឬ ផ្ដល់ទ្រព្យសម្បត្តិតែមួយមុខ។ ដូច្នេះហើយ ចូរកុំអស់សង្ឃឹមបើអ្នកគ្មានរូបរាងល្អឥតខ្ចោះ ឬ ទ្រព្យសម្បត្តិផ្ដល់ឱ្យនាងដូចគេ អ្នកគប្បីត្រូវតែជាមនុស្សដែលនៅក្បែរនាង យកចិត្តទុកដាក់ លើកទឹកចិត្ត និង គាំទ្រនូវសកម្មភាពដ៏ត្រឹមត្រូវដែលនាងចង់ធ្វើ។
៣. អ្នកត្រូវតែជាមនុស្សស្មោះត្រង់
ភាពស្មោះត្រង់ ទោះបីជាមានប្រាក់ក៏មិនអាចទិញបានឡើយ ដូច្នេះអ្នកត្រូវជាបុគ្គលដែលស្មោះត្រង់ ព្រោះជាទូទៅមនុស្សស្រី តែងចង់បានបុរសដែលស្មោះត្រង់នឹងរូបនាង ជាជាងទ្រព្យសម្បត្តិ និង រូបរាងល្អបានតែខាងក្រៅ តែគ្មានភាពស្មោះត្រង់។
៤. អ្នកត្រូវតែមានទំនួលខុសត្រូវខ្ពស់ជាមួយគោលដៅ
ដូចពាក្យមនុស្សទូទៅបាននិយាយ រូបរាងខាងក្រៅគ្រាន់តែជាសម្បកកាយ ឯលុយកាក់គ្រាន់តែជារឿងកើតឡើងតាមក្រោយ សំខាន់អ្នកត្រូវជាមនុស្សដែលមានទំនួលខុសត្រូវ ដែលន័យនេះសំដៅទៅដល់ទំនួលខុសត្រូវទៅលើគោលដៅ និង អនាគតជីវិត។ ចំណុចនេះហើយដែលធ្វើឱ្យមនុស្សស្រី អាចបាក់ចិត្តស្រឡាញ់ទៅលើរូបអ្នក បើទោះជាអ្នកគ្មានរូបរាងស្អាតបាត ឬ គ្មានប្រាក់កាក់ពេលនេះក៏ដោយ៕
ប្រែសម្រួលពី ៖ PhunuToday