កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ វេលាម៉ោង ៤ និង ៣៥ នាទីរសៀល (ម៉ោងក្នុងតំបន់) មានហេតុការណ៍ដ៏រន្ធត់មួយកើតឡើងលើយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Loganair ដែលគ្រោងហោះចេញពីក្រុង Manchester ទៅកាន់ក្រុង Aberdeen ប្រទេសស្កុតឡែន។ យន្តហោះមួយគ្រឿងនោះដែរ គ្រោងនឹងចុះចតដល់ព្រលានក្រុង Aberdeen នៅវេលាម៉ោង ៥ និង ៣០ នាទីព្រឹក ប៉ុន្តែខណៈយន្តហោះទើបតែហោះចេញបានត្រឹម ១០ នាទី ក៏ស្រាប់តែត្រូវរន្ទះបាញ់ចំមួយទំហឹងតែម្ដង។
ភ្លាមៗ អ្នកបើកយន្តហោះបានធ្វើការបញ្ជូនសញ្ញាអាសន្នដែលបញ្ជាក់ថាយន្តហោះត្រូវធ្វើការចុះចតវិញជាបន្ទាន់។ បើតាមទិន្នន័យទទួលបានពីវិបសាយតាមដានជើងហោះហើរ FlightRadar24 បានបង្ហាញថា យន្តហោះខាងលើបានបកក្បាលត្រឡប់វិញនៅវេលាម៉ោងប្រមាណ ៤ និង ៤៥ នាទី និង បានចុះចតវិញដោយសុវត្ថិភាពនៅព្រលានក្រុង Manchester មុនម៉ោង ៥ ល្ងាច
តាមរូបភាពស្ដែងៗបញ្ចេញដោយខាងក្រុមហ៊ុនជើងហោះហើរខាងលើបានបង្ហាញឱ្យឃើញកញ្ចក់ខាងមុខយន្តហោះបានរងការប្រេះស្រាំយ៉ាងដំណំដោយសារតែត្រូវរន្ទះបាញ់នោះ។
ទោះជាយ៉ាងណា ជាសំណាងល្អយន្តហោះអាចចុះចតវិញបានដោយសុវត្ថិភាព និង មិនបង្កជាការរងរបួសអ្វីដល់អ្នកដំណើរទាំងអស់នោះឡើយ៕