វ័យទើបតែ ២៤ ឆ្នាំ យុវតី ជិន ស្រីអយុធ្យា គឺជានិស្សិតផ្នែករចនាក្រាហ្វិកចេញពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង ជាអតីតសិស្សនៅសាលាមធ្យមវិចិត្រសិល្បៈ សិក្សាឯកទេសគំនូរបុរាណអស់រយៈពេលប្រមាណ ៦ ឆ្នាំផងដែរ។ ក្លាយជាសិល្បករគំនូរពេញទី បច្ចុប្បន្ននាងកំពុងមានទីផ្សារខ្លាំងជាមួយគំនូរបុរាណ ភ្ញៀវទាំងក្នុង និង ក្រៅប្រទេស មានជាការគូរគំនូរជាផ្ទាំងៗ គូរដាក់តាំងនៅសណ្ឋាគារ ភោជនីយដ្ឋាន ជាពិសេសនៅវត្តអារាម។
ចំពោះគំនូរបុរាណ នាងបានចាប់ផ្តើមការងារដំបូងបំផុតនៅវត្តបទុមវត្តី ស្ថិតក្នុងរាជធានីភ្នំពេញ។ នាងមិននឹកស្មានឡើយថា ការងារដែលកម្រមានអ្នករៀន និង កម្រមានអ្នកធ្វើនេះ ធ្វើឱ្យនាងមានទីផ្សារ រហូតមានភ្ញៀវទំនាក់ទំនងប្រគល់ការងារពេញដៃមកដល់សព្វថ្ងៃ។ តាមរយៈការរៀបរាប់ប្រាប់សារព័ត៌មានក្នុងស្រុក ដំបូងនាងគិតថា ការចាប់ជំនាញនេះប្រហែលជាទទួលបានតែការងារពីសិស្សច្បង ឬជាការងារតូចៗ ឬគូរតាមជញ្ជាំងហាងកាហ្វេតែប៉ុណ្ណោះ តែមកដល់ឆ្នាំថ្មីនេះ នាងមិននឹកស្មានថាមានការគាំទ្រច្រើន រហូតការងារគម្រោងខ្លះប្រគល់ព្រះវិហារឱ្យគូរតែម្តង។
ចំពោះការងារជូនអតិថិជន យុវតី ជិន ស្រីអយុធ្យា នាងបានលើកឡើងថា ការងាររបស់នាងនីមួយៗគឺលម្អិតខ្លាំង ហើយផ្តោតយកគុណភាពបំផុត។ នាងសម្រិតសម្រាំងយ៉ាងណាដើម្បីផ្តល់គុណភាព ទំនុកចិត្ត និង ស្នាដៃល្អជូនភ្ញៀវ។ នាងថាកាលណាការងារយើងធ្វើទៅល្អ យើងក៏ជ្រះថ្លា ឯអតិថិជនវិញក៏ជ្រះថ្លា។
ក្រៅពីល្បីទឹកដៃខ្លាំងខាងសិល្បៈគំនូរបុរាណ កន្លងមកនាងក៏ផ្ទុះការចាប់អារម្មណ៍ជាមួយការសរសេរអក្សរខ្មែរបុរាណ ដែលថតបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមផងដែរ។ សម្រាប់អក្សរបុរាណខ្មែរ នាងអាចសរសេរបានដល់ទៅ ៣ សម័យកាល គឺសម័យមុនអង្គរ សម័យអង្គរ និង សម័យក្រោយអង្គរ។ ការមានដុងសិល្បៈគំនូរ អាចថាមកពីឈាមជ័របន្តពីឪពុក។ តួយ៉ាង នាងចាប់កំណើតនៅក្នុងគ្រួសារ ដែលមានឪពុកបម្រើការងារនៅក្រសួងព័ត៌មាន និង ជាអ្នកនិពន្ធ និង ច្រៀងចម្រៀងបុរាណ រីឯអ្នកម្តាយជាស្ត្រីមេផ្ទះ។ ជាកូនទីបួនក្នុងចំណោមបងប្អូន ៥ នាក់ ស្រី ៤ ប្រុស ១ មានតែនាងម្នាក់ប៉ុណ្ណោះដែលមានទំនោរខាងសិល្បៈវប្បធម៌បុរាណខ្មែរ ដែលមិនខុសឆ្ងាយពីឪពុករបស់នាង។
តាមរយៈអាជីពគំនូរនេះដែរ នាងសូមលើកទឹកចិត្តដល់យុវជនយុវតីទាំងអស់ ឱ្យងាកមកឱ្យតម្លៃទៅលើការងារគំនូរបុរាណ ព្រោះការងារទាំងអស់នេះសុទ្ធតែជួយដល់យើងទៅថ្ងៃមុខ ដែលមិនត្រឹមតែជួយសម្រាប់អាជីពអាចរកចំណូលប៉ុណ្ណោះទេ តែថែមទាំងជួយដល់វប្បធម៌ជាតិសាសនាយើងដូចគ្នា៕