មានករណីគ្រូគង្វាលម្នាក់ ត្រូវបានគេដាក់ទោសឱ្យទៅសុំទោសក្មេង បន្ទាប់ពីនិយាយបំបាក់ទឹកចិត្តក្មេងៗថា Santa Claus មិនមានពិតនោះទេ។
តាមព័ត៌មានបានឱ្យដឹងថា គ្រូគង្វាលរូបនេះ ត្រូវទៅនិយាយផ្សព្វផ្សាយអំពីការប្រសូតរបស់ព្រះយេស៊ូទៅកាន់សិស្សសាលាថ្នាក់ទី ៥ នៅក្នុងសាលាមួយកន្លែងនៅ Hampshire ប្រទេសអង់គ្លេស។ ក្នុងនោះ គ្រូគង្វាលបានជ្រុលទៅនិយាយអំពី Santa Claus ដោយបានប្រាប់សិស្សៗថា Santa Claus មិនមានពិតនោះទេ ហើយកាដូដែលមករាល់ឆ្នាំនោះ គឺជារបស់ដែលឪពុកម្តាយរបស់ពួកគេទិញឱ្យ ដែលធ្វើឱ្យសិស្សៗទាំងអស់មានការភ្ញាក់ផ្អើលជាខ្លាំង ហើយក៏បាននាំគ្នាយំគគ្រូក។
យ៉ាងណាមិញ ចុងក្រោយគ្រូគង្វាលក៏ត្រូវបានគេដាក់ទោសឱ្យទៅសុំទោសក្មេងៗ អាណាព្យាបាលរបស់ពួកគេ និង សុំទោសទៅសាលាសម្រាប់កំហុសរបស់ខ្លួនផងដែរ។ ដោយឡែក ខាងអាណាព្យាបាលរបស់សិស្សម្នាក់ៗ ក៏ខឹងមិនចាញ់គ្នាដែរ ហើយអ្នកខ្លះទៀតក៏គិតថានឹងរករឿងគ្រូគង្វាលឱ្យដល់ទីបញ្ចប់ទៀតផង៕
ប្រភព៖ Khaosod