មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង ចែករំលែកបន្តគ្នាព្រោងព្រាត បន្ទាប់ពីមាននារីម្នាក់បានចែករំលែករឿងរ៉ាវរបស់ខ្លួនដែលត្រូវដេកសម្រាកលាងឈាមជាប្រចាំ និង ផ្ដាំផ្ញើឱ្យបងប្អូនចេះស្រឡាញ់សុខភាព។
ជាក់ស្ដែង តាមរយៈគណនី Tiktok ដែលមានឈ្មោះ NIT បានបង្ហោះវីដេអូ នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤ ដោយបង្ហាញពីសកម្មភាពសម្រាកនៅលើគ្រែពេទ្យ ភ្ជាប់ជាមួយសារថា ៖ «រៀនចប់បរិញ្ញាបត្រពេទ្យ ៤ ឆ្នាំ ចុងក្រោយត្រូវមកដេកលាងឈាម មួយអាទិត្យត្រូវលាងពីរដង សារផ្ដាំផ្ញើបងប្អូនគ្រប់ៗគ្នា គ្មានអ្វីសំខាន់ជាងសុខភាពទេ គ្មានសុខភាពគ្មានអ្វីៗ គ្រប់យ៉ាងជីវិតរស់កំដរថ្ងៃស្លាប់ ជីវិតរស់ដូចស្លាប់ ទៅពេទ្យ ៨/៩ ម៉ោង តែម្នាក់ឯង មិនដែលមានអ្នកកំដរដូចគេ ពេលធ្វើទុក្ខម្តងៗបានអ្នកជិតខាងមកមើល អ៊ីអ្នកទៅកំដរកូន គាត់មកសួរថាមានដែលធ្វើទុក្ខអីអត់? មានតែពាក្យថាអរគុណ ថែសុខភាពឱ្យបានល្អណា»។
អ្វីដែលកាន់តែគួរឱ្យអាណិតទៀតនោះ ម្ចាស់គណនីបានបង្ហោះវីដេអូមួយទៀត ដោយបញ្ជាក់ឱ្យដឹងថា ខ្លួនបានតស៊ូរៀនចប់ និង ភ្ជាប់ពាក្យបាន ១ ខែ ក៏ធ្លាក់ខ្លួនឈឺជំងឺតម្រងនោម ដំណាក់កាលចុងក្រោយ ដោយគ្រប់យ៉ាងក៏រលាយអស់ គម្រោងអនាគតដែលធ្លាប់គិតជាមួយគ្នា ក៍ត្រូវរលាយមួយរំពិចភ្នែក។ ម្ចាស់គណនីបន្តថា ៖ «មួយរំពេចភ្នែក អ្វីៗត្រូវរលាយអស់ ជំងឺក៏មិនជា ទឹកចិត្តក៏អស់ អស់ទាំងកម្លាំងចិត្ត អស់ទំាងកម្លាំងកាយ»៕