អាជ្ញាធរនៅប្រទេសចិន បានចេញវិធានការឆ្លើយតបជាបន្ទាន់ដើម្បីកាត់បន្ថយការប៉ះពាល់ដោយការធ្លាក់ចុះនៃសីតុណ្ហភាព និង ការធ្លាក់ព្រិលខ្លាំងចាប់តាំងពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងមក ដែលបានប៉ះពាល់ធ្ងន់ធ្ងរលើតំបន់ស្វយ័ត Inner Mongolia ក៏ដូចជាតំបន់នៅភាគខាងជើងប្រទេស។
តំបន់ជាច្រើនអាកាសធាតុបានធ្លាក់ចុះមក ១៦-១២ អង្សាសេ ខណៈខ្យល់ និង ព្រិលនៅតែបន្តធ្លាក់ខ្លាំង។ ជាក់ស្ដែង នៅក្នុងខេត្ត Heilongjiang ការិយាល័យឧតុនិយមក្នុងតំបន់បានដាក់ចេញការប្រកាសអាសន្នកម្រិតក្រហម ដែលជាកម្រិតប្រកាសអាសន្នខ្ពស់ជាងគេបំផុតក្នុងប្រទេសចិន។ ដោយឡែកខាងអាជ្ញាធរធនធានទឹកនៅតំបន់ Inner Mongolia ក៏បានប្រញាប់ទៅពិនិត្យមើលទន្លេ Yellow River ផងដែរ ខណៈឈានចូលដល់រដូវរងា ទឹកជំនន់អាចនឹងកើតមានឡើងប្រសិនបើទឹកកករាំងស្ទះលំហូរទឹកទន្លេ។
សម្រាប់ខេត្តផ្សេងទៀតដូចជា Jilin, Gansu និង Qinghai អាជ្ញាធរ និង ក្រុមជំនួយក្នុងសហគមន៍បានសហការគ្នាធ្វើការបោសសម្អាតព្រិលចេញពីដងផ្លូវ និង ដំបូល រួមទាំងពិនិត្យមើល និង ជួសជុលប្រព័ន្ធរក្សាកម្ដៅក្នុងតំបន់ពលរដ្ឋរបស់ខ្លួន។ ចំពោះក្រុងប៉េកាំងវិញ ក៏បានដាក់ចេញការប្រកាសអាសន្នកម្រិតពណ៌ខៀវ ដោយដាក់ចេញបញ្ជាឱ្យអ្នកនៅតាមតំបន់ទេសចរណ៍ ជាពិសេសនៅតំបន់ភ្នំឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
គួរបញ្ជាក់ថា អាកាសធាតុចុះត្រជាក់នេះដែរនឹងរំពឹងថាបន្តផ្លាស់ទៅភាគអាគ្នេយ៍ ប៉ះពាល់តំបន់ភាគកណ្ដាល និង ភាគខាងត្បូងប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ជាមួយសីតុណ្ហភាពអាចនឹងធ្លាក់ចុះដល់ ៨-៦ អង្សាសេ៕