ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់យុវជនមួយក្រុម ដែលមានឈ្មោះ «និស្សិតប្លាស្ទិក» ដែលតែងតែចំណាយពេលវេលា កម្លាំងកាយចិត្ត ប្រមូលសំរាមពីប្រឡាយទឹកស្អុយ ក្នុងតំបន់នានានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កែប្រែសភាពប្រឡាយឱ្យមានភាពប្រសើរជាងមុន រហូតធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាកោតសរសើរជាខ្លាំង។
ថ្មីៗនេះផងដែរ ក្រុមនិស្សិតប្លាស្ទិក ក៏បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចែករំលែកជាថ្មី បន្ទាប់ពីរូបគេបានបង្ហោះសារ និង វីដេអូបង្ហាញពីសកម្មភាពនាំគ្នាប្រមូលសំរាម នៅឯស្រុកកោះស្ដេច ខេត្តកោះកុង ដែនដីសមុទ្រវិញម្ដង ក្នុងយុទ្ធនាការ ៖ «កោះស្ដេច កោះស្អាត កោះគំរូ ដើម្បីបង្កើនភាពទាក់ទាញគោលដៅទេសចរណ៍» នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខណៈកន្លងមកធ្លាប់តែបានឃើញយុវជនមួយក្រុមនេះ ប្រមូលសំរាមពីប្រឡាយទឹកស្អុយក្នុងរាជធានីភ្នំពេញ និង ខេត្តសៀមរាប។
តាមរយៈយុទ្ធនាការនេះដែរ គេសង្កេតឃើញមានយុវជនស្ម័គ្រចិត្តចូលរួមជាច្រើន បាននាំគ្នាប្រមែប្រមូលសំរាម នៅដែនដីសមុទ្រ ដើម្បីបរិស្ថាន ក៏ដូចជាទេសចរណ៍នៅកម្ពុជា ដែលបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាស្ងើចសរសើរទឹកចិត្តដ៏ធំធេងរបស់ក្រុមការងារ ព្រមទាំងរំពឹងថាទីតាំងសម្អាតនេះ នឹងក្លាយទៅជាកន្លែងដែលលែងមានសំរាម ស្រស់ស្អាត ដែលអាចទាក់ភ្នែកភ្ញៀវទេសចរជាតិ និង អន្តរជាតិបានមួយកម្រិតទៀត៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម ៖