ថ្មីៗនេះ មានករណីនារីជនជាតិថៃវ័យក្មេងម្នាក់ ត្រូវបានគេស្គាល់ថាជាអ្នកចម្រៀងមួយរូបនោះ បានកើតអាការកម្រើកដៃជើងមិនបាន រហូតដល់បាត់បង់ជីវិត បន្ទាប់ពីនាងបានទៅម៉ាស្សាខ្លួន ហើយត្រូវគេសម្រួលត្រង់-ក ដោយបង្វិលធ្វើឱ្យដាច់សរសៃឈាម។
នារីរូបរងគ្រោះមានឈ្មោះ Phing Chanida វ័យ ២០ ឆ្នាំ នាងធ្លាប់បានរៀបរាប់នៅតាមបណ្តាញសង្គមរបស់ខ្លួនថា នាងចូលចិត្តម៉ាស្សាណាស់ ហើយមានថ្ងៃមួយនាងឈឺស្មាពេក ក៏បានចូលទៅម៉ាស្សានៅហាងម៉ាស្សាបុរាណមួយនៅក្បែរផ្ទះនៅក្នុងខេត្តអ៊ុដនថានី។ អ្នកម៉ាស្សាក៏បានម៉ាស្សាឱ្យនាងជាធម្មតា ហើយក៏ឆ្លៀតបង្វិល-កឱ្យនាងបន្តិចផងដែរ ហើយពីនោះប្រមាណ ២ ថ្ងៃ នាងក៏ចាប់ផ្តើមឈឺកញ្ចឹង-ក តែក៏មិនចាប់អារម្មណ៍ប៉ុន្មានឡើយ។
ក្រោយពីនោះប្រមាណ ១ សបា្តហ៍ នាងក៏ចាប់ផ្តើមស្ពឹកដៃ ទើបបានទៅម៉ាស្សាជាលើកទីពីរ លើកនេះក៏ត្រូវគេបង្វិល-កទៀត មកផ្ទះវិញនាងក៏កាន់តែឈឺលើសដើម ដោយសូម្បីតែដេកផ្ងារ ឬ ផ្កាប់ក៏មិនបានដែរ។ ចុងក្រោយនាងក៏សម្រេចចិត្តទៅម៉ាស្សាជាលើកទីបី លើកនេះពេលត្រឡប់មកវិញនាងក៏កម្រើកដៃជើងលែងបាន។
យ៉ាងណាមិញ នាងត្រូវបានគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់តាំងពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ លុះមកដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៤ គ្រូពេទ្យក៏បានរកឃើញថាដាច់សរសៃឈាម ហើយបេះដូងរបស់នាងដើរយឺតខុសធម្មតា ហើយចំណែកខួរក្បាលក៏មានការហើម ជាអកុសលនាងក៏បានស្លាប់នៅក្នុងថ្ងៃដដែលនោះតែម្តង៕
ប្រភព៖ AMARINTV