សារព័ត៌មានឥណ្ឌា India Today បានចេញផ្សាយករណីមួយរបស់បុរសម្នាក់នៅក្រុង Chhatarpur រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ដោយរូបគេជួបប្រទះរឿងរ៉ាវមិននឹកស្មានដល់ក្នុងយប់ផ្សំដំណេកជាមួយភរិយាថ្មីថ្មោង។
តាមព័ត៌មានបានឱ្យដឹងថា បុរសជាកូនកំលោះមានឈ្មោះ Rajdeep Rawat បានរៀបការជាមួយកូនក្រមុំឈ្មោះ Khushi Tiwari កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅតាមប្រពៃណីសាសនាហិណ្ឌូដោយរៀបចំឡើងដោយមេអណ្ដើកឈ្មោះ Sukan Pathak។
តាមប៉ូលិសបានឱ្យដឹងថា នៅយប់ថ្ងៃរៀបការនោះ កូនក្រមុំបានឱ្យទឹកដោះគោទៅប្ដីផឹកដោយទឹកដោះគោនោះមានលាយថ្នាំសណ្ដំ។ ក្រោយប្ដីផឹកហើយក៏បាត់បង់ស្មារតី នាងក៏បានលួចមាស ទូរស័ព្ទ និង របស់របរមានតម្លៃផ្សេងទៀតសរុបលុយប្រមាណដល់ជាង ១ ម៉ឺន ៤ ពាន់ដុល្លារ។
ពេលដឹងខ្លួនឡើង កូនកំលោះទើបដឹងថារូបលោកត្រូវគេលួចទ្រព្យស្រស់ៗ។ ក្រោយហេតុការណ៍ ឪពុកខាងកូនកំលោះក៏បានដាក់ពាក្យប្ដឹងទៅប៉ូលិស ហើយក៏រកឃើញថាតាមពិតកូនក្រមុំដែលគេផ្សំផ្គុំឱ្យនេះគឺជាការរួមគំនិតគ្នាដើម្បីបោកលួចទ្រព្យសម្បត្តិពួកគេសោះ។
ខាងក្រុមគ្រួសារកូនកំលោះក៏បានប្ដឹងឱ្យចាប់ជនសង្ស័យឱ្យបាន និង យកទ្រព្យសម្បត្តិរបស់ពួកគេមកវិញ៕