ចាប់តាំងពីផ្ទុះប្រជាប្រិយភាពកាលពីឆ្នាំ ២០២២ មក ស្រីស្អាតលក់ទឹកក្រឡុកដ៏ល្បីក្នុងប្រទេសថៃ ស្រាប់តែត្រូវមហាជនរិះគន់មិនពេញចិត្តក្នុងមួយរយៈពេលក្រោយមកនេះ ដោយលើកឡើងថានាងចាប់ផ្ដើមលេងចរិតខ្មឺត វាយឫក បិទបាំងមុខមិនឱ្យគេថតរូបបើសិនមិនទិញទឹកក្រឡុករបស់នាង។
ជាក់ស្ដែង កាលពីឆ្នាំ ២០២៤ កន្លងទៅ ស្រីស្អាតលក់ទឹកក្រឡុកនៅផ្សាររាត្រី Jodd Fairs រូបនេះ បានផ្ទុះការរិះគន់ពាសពេញបណ្ដាញសង្គមក្រោយរូបនាងបានធ្វើការបដិសេធមិនឱ្យគេថតរូបនាងបើសិនមិនមែនជាអតិថិជនទិញទឹកក្រឡុក។ ជាងនេះទៅទៀត នាងថែមទាំងជួលសន្តិសុខឱ្យមករារាំងអ្នកដែលព្យាយាមចង់ថតរូបរបស់នាងទៀតផង។
យ៉ាងណាមិញ ក្រោយរងការរិះគន់មិនពេញចិត្តហើយមុខរបរអាជីវកម្មធ្លាក់ចុះស្រឺតៗមិនសូវមានមនុស្សគាំទ្រដូចមុន ស្រីស្អាតជាអ្នកលក់ទឹកក្រឡុកខាងលើក៏បានកែប្រែអត្តចរិតលែងវាយឫកដូចមុនទៀត ហើយព្រមបើកចិត្តឱ្យគេថតរូបវិញដោយសេរី ពោលគឺថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គមចិន Xiaohongshu ម្នាក់បានធ្វើការបង្ហោះចែករំលែកថាពួកគេបានទៅចូលមើលតូបលក់ទឹកក្រឡុករបស់ស្រីស្អាតដែលល្បីនៅថៃនោះ។
តាមអ្នកលេងបណ្ដាញសង្គមរូបនោះបាននិយាយថា ការលក់ដូរថ្ងៃនេះគឺមិនសូវជាដាច់នោះឡើយ ហើយក៏គ្មានឃើញសន្តិសុខការពារតូបដូចមុនៗដែរ។ លោកបាននិយាយអមដោយការសើចថា៖ «ខ្ញុំអាចថតរូបនាងបានដោយបើកចំហ ហើយនាងវិញក៏មិនបានព្យាយាមបិទបាំង ឬយកឆត្របាំងមុខដូចមុននោះដែរ»។
ក្រោយការបង្ហោះរបស់អ្នកលេងបណ្ដាញសង្គមខាងលើ ក៏មានមហាជនជាច្រើនទៀតបានចូលទៅបញ្ចេញមតិដោយពួកគេលើកឡើងថា ប្រជាប្រិយភាពរបស់ស្រីស្រស់លក់ទឹកក្រឡុករូបនោះបានធ្លាក់ចុះហើយ ដូច្នេះទើបនាងប្ដូរអត្តចរិតដើម្បីយកឈ្នះបេះដូងអតិថិជនមកវិញ៕
ប្រភព៖ 8days