បុរសជនជាតិជប៉ុនវ័យ ៣៣ ឆ្នាំម្នាក់ បានកំពុងធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ ដោយសារតែការប្រើជីវិតដ៏ចម្លែក គឺសុខចិត្តឈប់ពីការងារ មកធ្វើជាមនុស្សតែលតោលតាមផ្លូវ សុំតែផ្ទះគេស្នាក់នៅរាប់ឆ្នាំ។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះមានឈ្មោះថា Shurav Ishida គេបានសម្រេចចិត្តឈប់ពីការងារ ហើយលក់ទ្រព្យសម្បត្តិដែលខ្លួនមានទាំងប៉ុន្មានចោលទាំងអស់ ទុកតែរបស់សំខាន់មួយចំនួននៅជាប់ខ្លួន ព្រមទាំងបានចាប់ផ្តើមប្រើប្រាស់ជីវិតតែលតោល ដោយការដើរលើកផ្លាកសុំផ្ទះគេស្នាក់អាស្រ័យ។ Ishida បានធ្វើបែបនេះមកជាង ៥ ឆ្នាំទៅហើយ ហើយអ្វីដែលចម្លែកនោះ គឺតែងមានមនុស្សស្ម័គ្រចិត្តឱ្យ Ishida ស្នាក់នៅផ្ទះរបស់ខ្លួនជានិច្ចដោយមិនគិតថ្លៃចាយវាយ ក្នុងនោះសរុបទៅ Ishida បានស្នាក់នៅផ្ទះមនុស្សប្លែកមុខផ្សេងៗគ្នាមកបានប្រហែល ៥០០ ផ្ទះឯណោះ។
ភាគច្រើនអ្នកដែលឱ្យ Ishida ស្នាក់នៅ គឺសុទ្ធតែជាអ្នកដែលឯកាមិនសូវមានមិត្តជិតស្និទ្ធ ហើយកាលដែល Ishida ទៅស្នាក់នៅទីនោះ គឺតែងតែស្តាប់ពួកគេនិយាយបញ្ចេញអារម្មណ៍ទុកលំបាកទាំងឡាយ។ Ishida បានឱ្យដឹងថា លោកមិនមានចិត្តចង់ត្រឡប់ទៅធ្វើការវិញនោះទេ បើទោះជាលុយកាន់តែខើចក៏ដោយ ក៏នឹងខំប្រឹងសន្សំបន្តទៀត ដើម្បីយកទៅធ្វើដំណើរកម្សាន្តជុំវិញពិភពលោកឱ្យបាន៕
ប្រភព៖ Khaosod