មានករណីដ៏គួរឱ្យហួសចិត្តមួយបានកើតឡើងនៅប្រទេសថៃ ដោយមានបុរសម្នាក់ឈឺពោះបត់ជើងធំពេក បើកឡានប្រញាប់ធ្វើឱ្យបុកគូទឡានគេ ដល់ចុះទៅប្រាប់ហេតុផលគេមិនជឿ ស្រាប់តែជុះដាក់កណ្តាលផ្លូវឱ្យឃើញស្តែងៗ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ ដោយដំបូងឡើយបុរសខាងលើមានវ័យ ៥៤ ឆ្នាំ បានបើកឡានទៅបុកគូទឡានមួយគ្រឿងទៀត ខណៈឈប់នៅស្តុបមួយកន្លែងនាតំបន់ Bang Pakong ហើយបានចុះដោយអាការៈស្រវឹងទៅរករឿងគេ ថាហេតុអ្វីមិនបើកឆ្លងភ្លើងក្រហម ព្រោះខ្លួនកំពុងតែឈឺពោះប្រញាប់ទៅបត់ជើងជាខ្លាំង។
ខាងគូករណីក៏បានហៅអាជ្ញាធរមកដល់ ដើម្បីជួយដោះស្រាយ ស្រាប់តែបុរសរូបនេះក៏បានសុំខ្ចីឡានរបស់អាជ្ញាធរដើម្បីបើកទៅការ៉ាសសាំងរកកន្លែងបត់ជើង តែអាជ្ញាធរមិនឱ្យ ព្រោះតែត្រូវបើកស៊ីរ៉ែនចតចោល ដើម្បីសំគាល់ថាមានឧបទ្ទវហេតុកើតឡើង។ បុរសរូបនេះ ក៏កើតការមិនសុខចិត្តជាខ្លាំង ដោយបានស្រែកឡូឡាពេញផ្លូវ ហើយបានជុះលាមកពាសពេញផ្លូវតែម្តង រួចក៏និយាយឌឺដងថាជឿឬមិនជឿថាខ្លួនពិតជាឈឺពោះមែន ដែលបង្កឱ្យអាជ្ញាធរកាន់តែឈឺក្បាលមួយកម្រិតទៀត៕
ប្រភព៖ Kapook