មានករណីបាញ់សម្លាប់មួយនៅប្រទេសថៃ ដែលជាស្នាដៃរបស់ស្រ្តីម្នាក់ជាប្រពន្ធទៅលើប្តីរបស់ខ្លួន ដោយកើតឡើងដោយសារតែខាងស្រីតាមលួងខាងប្រុសមិនបានសម្រេច។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ ស្ថិតនៅផ្ទះខាងប្រុសនាស្រុក Krok Phra ខេត្ត Nakhon Sawan។ បុរសជាជនរងគ្រោះមានវ័យ ៤៤ ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន រីឯស្រ្តីជាប្រពន្ធវ័យ ៤៩ ឆ្នាំ បាននៅក្បែរនោះរង់ចាំប្រគល់ខ្លួនទៅឱ្យប៉ូលិស។
តាមការសាកសួរបានឱ្យដឹងថា ប្តីប្រពន្ធនេះបានរួមរស់ជាមួយគ្នាជាង ១០ ឆ្នាំមកហើយ ហើយមួយរយៈក្រោយនេះខាងស្រីបានយក GPS ទៅដាក់នៅឡានរបស់ប្តី ទើបដឹងថាប្តីលួចបែកចិត្ត ហើយក៏មានការឈ្លោះទាស់ទែងគ្នា ទើបខាងប្រុសគេចមកផ្ទះនៅស្រុកកំណើត។ ខាងស្រីបានព្យាយាមមកនិយាយសម្រុះសម្រួលសុំត្រូវគ្នាវិញ តែក៏និយាយគ្នាមិនត្រូវ ទើបនាងបានយកកាំភ្លើងបាញ់សម្លាប់ខាងប្រុសនៅក្នុងផ្ទះ រួចក៏ចាំប្រគល់ខ្លួនឱ្យប៉ូលិសតែម្តង៕
ប្រភព៖ AMARINTV