មានករណីមិននឹកស្មានមួយនៅប្រទេសវៀតណាម ដោយក្មេងប្រុសអាយុ ៧ ឆ្នាំម្នាក់ បានបៀមគម្របប៊ិចលេង ស្រាប់តែជ្រុលស្លាក់ចូលទៅក្នុងបំពង់ខ្យល់បណ្តាលឱ្យបាត់បង់ជីវិត។
តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនេះបានបៀមគម្របប៊ិចខណៈកំពុងរៀន ហើយក៏ស្លាក់ចូលទៅក្នុងបំពង់ខ្យល់ បណ្តាលឱ្យក្អកខ្លាំងៗ ស្ទះដង្ហើម និង ឈឺដើមទ្រូង ទើបអ្នកគ្រូក៏បាននាំទៅបន្ទប់ពេទ្យនៅក្នុងសាលា ក្រោយមកក៏បានបញ្ជូនទៅកាន់មណ្ឌលសុខភាពនៅក្នុងតំបន់។
ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យក៏បានព្យាយាមជួយជីវិត តែគេប្រកាច់ច្រើនដងពេក និង មានការប៉ះពាល់ដល់ខួរក្បាលទៀត ទើបត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់តទៅមន្ទីរពេទ្យព្យាបាលកុមារប្រចាំខេត្តតែម្តង។ គ្រូពេទ្យក៏បានជួយសង្រ្គោះ ដោយការយកគម្របប៊ិចចេញពីបំពង់ដង្ហើមរបស់ក្មេង ហើយឃើញថាវាបិទបំពង់ដង្ហើមរហូតដល់ទៅ ៧០ ភាគរយឯណោះ។ យ៉ាងណាមិញ បើទោះជាយកគម្របប៊ិចចេញបានក្តី តែ ៤ ថ្ងៃក្រោយមក ក្មេងប្រុសរូបនេះក៏បានបាត់បង់ជីវិត ព្រោះបាត់ដង្ហើម និង បេះដូងឈប់ដើរយូរពេក ដែលធ្វើឱ្យប៉ះពាល់ដល់ខួរក្បាលមិនអាចព្យាបាលបាន៕
ប្រភព៖ Sanook