កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ ភ្នាក់ងារឧតុនិយមប្រចាំប្រទេសជប៉ុនបានប្រកាសនូវការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រនៅភាគខាងត្បូងប្រទេស រហូតមានការចេញព្រមានប្រកាសអាសន្នពីរលកយក្សស៊ូណាមិនៅក្នុងខេត្ត Miyazaki និង Kochi។ ស្របពេលនឹងការប្រកាសនោះដែរ ពលរដ្ឋជាច្រើនក្នុងទីតាំងខាងលើក៏ត្រូវបានប្រាប់ឱ្យធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពសិនផងដែរ។
តាមការចេញផ្សាយពីសារព័ត៌មាននៅជប៉ុនបានឱ្យដឹងថា គ្រោះរញ្ជួយដីនេះដែរបានកើតមានឡើងនៅវេលាម៉ោង ៩ និង ១៩ នាទីយប់ ថ្ងៃទី ១៣ ខែមករា កន្លងទៅ (ពេលវេលាក្នុងតំបន់) ដោយចំណុចកណ្ដាលមានទីតាំងនៅឈូងសមុទ្រខេត្ត Miyazaki ក្នុងជម្រៅប្រមាណ ៣០ គីឡូម៉ែត្រ។ ក្រៅពីខេត្តទាំងពីរដែលបានប៉ះពាល់ខាងលើ ខេត្តក្បែរខាងមួយចំនួនផ្សេងទៀតរួមមានខេត្ត Kumamoto, Ohita, Kagoshima ជាដើមក៏រងការរញ្ជួយដូចគ្នាផងដែរ។
សារព័ត៌មានជប៉ុន NHK បានលើកឡើងថា រលកយក្សស៊ូណាមិដែលមានកម្ពស់ដល់ទៅ ១ ម៉ែត្របានឃើញកើតមានឡើងក្នុងតំបន់មួយចំនួនក្នុងរយៈពេលត្រឹម ៣០ នាទីក្រោយគ្រោះរញ្ជួយដីកើតមានឡើង។ កងកម្លាំងសង្គ្រោះនៅជប៉ុនបច្ចុប្បន្នក៏កំពុងត្រៀមជើងព្រួលដូចគ្នាក្នុងការឆ្លើយតបភ្លាមៗពេលដែលមានគ្រោះអាសន្នកើតមានឡើង៕