អំឡុងចុងឆ្នាំ កម្មវិធីរីករាយធំៗដូចជា ពិធីបុណ្យអុំទូក និង ឆ្លងឆ្នាំ ច្រើនតែមានការបាញ់កាំជ្រួចដើម្បីជាការអបអរ។ កាំជ្រួចមិនថាតូចឬធំ បាញ់បង្ហោះលើមេឃឬកាន់នឹងដៃ វាត្រូវបានគេរកឃើញថា អាចប៉ះពាល់សុខភាពចំពោះស្ត្រីមានគភ៌ និង កូនក្នុងផ្ទៃ។ តាមគេហទំព័រមន្ទីរពេទ្យ SSB របស់ឥណ្ឌា ជាធម្មតាផ្សែងដែលចេញពីកាំជ្រួច មានផ្ទុកឧស្ម័នពុលជាច្រើនដូចជា កាបូនឌីអុកស៊ីត (carbon dioxide) និង nitrous oxide ជាដើម។
នៅអំឡុងពពោះ ៣ ខែដំបូង ការស្រូបផ្សែងពីកាំជ្រួចអាចបង្កហានិភ័យចំពោះទារក និង ធ្វើឱ្យម្តាយពិបាកដកដង្ហើម។ នេះជាហេតុ ពេលមានការបាញ់កាំជ្រួច គេតម្រូវឱ្យស្ត្រីពពោះជៀងវាងទៅជិតឬបើអាចត្រឹមមើលពីចម្ងាយ។ ករណីស្ត្រីរងការស្រូបផ្សែងកាំជ្រួចកើតអាការ ថប់ដង្ហើម ដកដង្ហើមខ្លី វិលមុខ ឈឺក្បាលមិនបាត់ និង ចង្អោរកក្អួត ចាំបាច់ត្រូវស្វែងរកជំនួយជាបន្ទាន់។
ចំពោះការបង្កសំឡេងខ្លាំងពីកាំជ្រួចវិញ វាអាចបណ្តាលឱ្យស្ត្រីពពោះបាត់បង់ការស្តាប់សំឡេងផងដែរ។ ជាក់ស្តែង វាអាចប៉ះពាល់រយៈពេលខ្លីឬវែងអាស្រ័យទៅលើកម្រិតឮនៃសំឡេង។ បើសំឡេងឮខ្លាំង វាអាចបំផ្លាញដល់ក្រដាសត្រចៀក និង ធ្វើឱ្យខូចការស្តាប់ជាអចិន្ត្រៃយ៍។ លើសពីនេះ សំឡេងដ៏ខ្លាំងបំផុតនៃកាំជ្រួចអាចធ្វើឱ្យហ៊ឹងត្រចៀក រហូតឆ្ពោះទៅរកការស្តាប់គ្មានតុល្យភាព ឬបាត់បង់ការស្តាប់តែម្តង។ ដោយសារក្រដាសត្រចៀកស្ត្រីនៅអំឡុងពពោះមានប្រតិកម្មខ្លាំងជាមួយសំឡេង ស្ត្រីគួរនៅឱ្យឆ្ងាយពីសំឡេងខ្លាំងៗ មិនថាសំឡេងពីកាំជ្រួច ឬឧបករណ៍បំពងសំឡេងឡើយ។
បើតាមគេហទំព័រមន្ទីរពេទ្យ Phisanulok របស់ប្រទេសថៃ ករណីស្ត្រីស្ថិតនៅក្បែរកន្លែងឮសំឡេងកាំជ្រួចខ្លាំង វាអាចបង្កផលប៉ះពាល់ទៅដល់ទារកក្នុងផ្ទៃ ដូចជាធ្វើឱ្យទារកភ្ញាក់ឬភិតភ័យ, ប៉ះពាល់ដល់ការស្តាប់ពីកំណើត, ទារកកើតមកមិនប្រក្រតី ជាពិសេសនៅអំឡុងពពោះត្រីមាសទី ១, បង្កើនអ័រម៉ូនស្ត្រេស cortisol បង្កជាសម្ពាធដល់ទារក និង ប្រឈមឱកាសសម្រាលមុនខែខ្ពស់។
ជារួមមកដើម្បីសុវត្ថិភាពនៅអំឡុងពពោះ និង នៅតែរីករាយក្នុងឱកាសពិសេសៗនេះ ស្ត្រីមានគភ៌ទាំងឡាយ គួរបញ្ចៀសខ្លួននៅឱ្យឆ្ងាយពីកាំជ្រួច ឬអាចត្រឹមមើលពីចម្ងាយ ទើបជាការប្រសើរ។ ជាការល្អ គួរបង្កើតកម្មវិធីជួបជុំនៅផ្ទះ ឬមួយឆ្ពោះទៅកន្លែងកម្សាន្តជិតឬឆ្ងាយ ដែលមានបរិយាកាសប្រកបដោយផាសុកភាព៕