ជនសង្ស័យក្នុងការបាញ់ប្រហារទៅលើលោក Brian Thompson ស្ថាបនិកក្រុមហ៊ុនធានារ៉ាប់រងដ៏ធំមួយនៅអាមេរិក ប៉ូលិសសន្និដ្ឋានដំបូងថាអាចមកពីការចងគំនុំជាមួយក្រុមហ៊ុន ក្រោយពួកគេបំបែកអត្ថន័យពាក្យចារលើសំបកគ្រាប់កាំភ្លើងដែលជនសង្ស័យបន្សល់ទុកក្រោយការធ្វើសកម្មភាពនោះ។
ជាការពិតណាស់ មកទល់ពេលនេះភស្តុតាងដែលសំខាន់បំផុតក្នុងការស្រាវជ្រាវរកគោលបំណងនៃការសម្លាប់ CEO ខាងលើគឺជាសំបកគ្រាប់កាំភ្លើងដែលរកឃើញនៅកន្លែងកើតហេតុដោយសំបកនោះមានចារពាក្យសម្ងាត់ចំនួន ៣ គឺ «deny, defend និង depose (បដិសេធ,ការពារ និង ដោះលែង)»។
តាមការស្រាវជ្រាវរបស់ប៉ូលិសបានរកឃើញថាពាក្យនៅលើសំបកគ្រាប់កាំភ្លើងនោះគឺស្រដៀងគ្នាទៅនឹងចំណងជើងសៀវភៅពាក់ព័ន្ធនឹងខាងធានារ៉ាប់រងមួយក្បាលដែលបានចេញផ្សាយកាលពីឆ្នាំ ២០១០ ដោយចំណងជើងសៀវភៅនោះសរសេរថា «Delay, Deny, Defend-Why Insurance Companies Don’t Pay and What You Can Do About It (ពន្យារពេល, បដិសេធ, ការពារ-ហេតុអ្វីក្រុមហ៊ុនធានារ៉ាប់រងមិនព្រមបង់ប្រាក់ហើយតើយើងអាចធ្វើយ៉ាងម៉េចចំពោះបញ្ហានេះបាន)»។
សៀវភៅនេះដែរគឺសរសេររិះគន់យ៉ាងខ្លាំងទៅលើខាងផ្នែកធានារ៉ាប់រង ដោយបច្ចុប្បន្នប៉ូលិសកំពុងតែដាក់ការស៊ើបអង្កេតមើលថាតើជនសង្ស័យមានពាក់ព័ន្ធនឹងសៀវភៅនេះ ឬបង្ហាញពាក្យខាងលើជាប្រយោលក្នុងការវាយប្រហារលើក្រុមហ៊ុនធានារ៉ាប់រង។ ជុំវិញការសន្និដ្ឋានជាដំបូងរបស់ប៉ូលិសនេះដែរ លោក Jay M.Feinman អ្នកនិពន្ធសៀវភៅខាងលើ ក៏ដូចជាសាស្ត្រាចារ្យកិត្តិយសប្រចាំសាលា Rutgers Law School មិនទាន់ចចេញមកឆ្លើយតបនៅឡើយទេ។
សារដែលទទួលបានពីលើសំបកគ្រាប់កាំភ្លើងនេះហើយបានធ្វើឱ្យប៉ូលិសជឿជាក់ថា ជនសង្ស័យអាចចងគំនុំជាមួយក្រុមហ៊ុនធានារ៉ាប់រងជាទូទូទៅ និង ជាគោលគឺលើ CEO លោក Thompson តែម្ដង។ ជាមួយគ្នានោះដែរ លោកស្រី Paulette Thompson ជាភរិយារបស់លោក Thompson បានឱ្យដឹងដែរថា ស្វាមីរបស់លោកស្រីធ្លាប់ប្រាប់លោកស្រីថាមានអតិថិជនមួយចំនួនបានគំរាមគាត់ជុំវិញការទាមទារយកលុយធានារ៉ាប់រង ប៉ុន្តែលោកស្រីមិនដឹងថាអតិថិជនទាំងនោះជានរណាឱ្យប្រាកដនោះឡើយ។
គួររំឭកថា កាលពីព្រលឹមថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) លោក Brian Thompson ជា CEO ក្រុមហ៊ុនធានារ៉ាប់រង UnitedHealthcare ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហាររហូតបាត់បង់ជីវិតនៅតំបន់ Manhattan ក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។ តាមរយៈវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញលោក Brian Thompson អាយុ ៥០ ឆ្នាំ ស្លៀកពាក់ឈុតអាវធំពណ៌ខៀវ ដើរតាមផ្លូវខាងមុខសណ្ឋាគារ New York Hilton នៅវេលាម៉ោង ៦ និង ៤៤ នាទីព្រឹកថ្ងៃទី ០៤ ខែធ្នូកន្លងទៅ ដើម្បីចូលរួមក្នុងកិច្ចប្រជុំអ្នកវិនិយោគប្រចាំឆ្នាំរបស់ក្រុមហ៊ុន។
យ៉ាងណាមិញ ខណៈលោកដើរចេញមិនបានប៉ុន្មានក៏លេចវត្តមានបុរសម្នាក់ពាក់អាវ hoody ពណ៌ខ្មៅស្ពាយកាតាបពណ៌ប្រផេះដើរចេញពីចំណតឡានក្បែរនោះទាញកាំភ្លើងចេញមកតម្រង់បាញ់សំដៅទៅកាន់លោក Brian ជាច្រើនគ្រាប់រហូតដួលស្ដូកស្ដឹងនៅនឹងកន្លែងតែម្ដង។លោក Brian Thompson ត្រូវបានបាញ់ចំខ្នង និង ជើង ដោយលោកត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យវេលាម៉ោង ៦ និង ៤៨ នាទីព្រឹក ប៉ុន្តែជាអកុសលលោកត្រូវបានប្រកាសថាស្លាប់នៅម៉ោង ៧ និង ១២ នាទីព្រឹកថ្ងៃដដែលនោះ៕
ប្រភព៖ VN Express