ថ្មីៗនេះមានករណីមួយកំពុងផ្ទុះនៅក្នុងបណ្តាញ Weibo របស់ប្រទេសចិន ដោយមានតារាសម្តែងចិនម្នាក់ឈ្មោះ XingXing ត្រូវបានគេល្បួងថាទៅថតកុននៅប្រទេសថៃ មកទល់ពេលនេះបាត់ខ្លួនរកមិនទាន់ឃើញ។
សង្សារបុរសរូបនេះ បានផុសរកជំនួយនៅតាមបណ្តាញ Weibo ដោយនាងបានរៀបរាប់ឱ្យដឹងថា សង្សាររបស់នាង ត្រូវបានទទួលការងារសម្តែងតាមរយៈ WeChat ហើយនៅពេលដែលយល់ព្រមជាមួយគ្នាហើយ គេក៏បានធ្វើដំណើរចេញពីព្រលានយន្តហោះ Pudong សៀងហៃ ទៅកាន់ក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។
នៅពេលមកដល់ប្រទេសថៃ គេក៏បានឡើងឡានទៅជាមួយនឹងអ្នកដែលហៅទៅថតនោះ ហើយក៏បានបាត់ដំណឹងទៅនៅម្តុំជាយដែនថៃមីយ៉ាន់ម៉ា។ មកទល់ពេលនេះ នារីជាសង្សារ និង ប្អូនប្រុសបុរសរូបនេះបានព្យាយាមទាក់ទង និង ស្វែងរកគេដែរ ប៉ុន្តែគ្មានដំណឹងសោះ។
ពេលនេះនាងបានប្តឹងទៅកាន់ប៉ូលិសសៀងហៃ និង ស្ថានទូតចិនក្នុងប្រទេសថៃរួចរាល់ហើយ ហើយនាងក៏ត្រៀមហោះហើរទៅប្រទេសថៃដើម្បីដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិសប្រចាំតំបន់ផងដែរ៕
ប្រភព៖ Khaosod