ថ្មីៗនេះ ការចែកផ្លូវគ្នារវាងគូស្វាមីភរិយា Aum Atichart និង Nat Myria បានធ្វើឱ្យរង្វង់សិល្បៈថៃ ក៏ដូចជាមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានថាចំណងស្នេហ៍រយៈពេល ១៥ ឆ្នាំរបស់អ្នកទាំងពីរបានដើរមកដល់ទីបញ្ចប់បែបនេះទេ។
ក្នុងនោះ Nat បានចេញមុខមកប្រកាសដោយផ្ទាល់ថា នាងបានចែកផ្លូវជាមួយនឹង Aum ហើយ តែនាងក៏មិនបានប្រាប់ពីមូលហេតុច្បាស់លាស់ឡើយ ដោយត្រឹមតែបង្ហើបថាមានរឿងច្រើននៅពីក្រោយ ហើយយ៉ាងណាក៏ដោយ នាង និង Aum ក៏នៅតែរក្សាឋានៈជាមិត្តល្អចំពោះគ្នាទៅវិញទៅមក។
ដោយឡែក ទាក់ទងជាមួយគ្នានេះ Nat ក៏បានទម្លាយប្រាប់ឱ្យដឹងទៀតថា នាងមានដុំសាច់ដុះនៅក្នុងស្បូន ប៉ុន្តែមិនទាន់ដល់ពេលត្រូវវះកាត់នោះទេ ហើយចំណែកមូលហេតុដែលបណ្តាលឱ្យវាកើតបែបនេះ គឺដោយសារតែនាងព្យាយាមយកកូនតាមរបៀប IVF ដល់ទៅ ៤ ដង ពោលគឺអរម៉ូនដែលនាងប្រើ ជាមូលហេតុនាំឱ្យមានការដុះសាច់។
យ៉ាងណាមិញ នាងក៏បានត្រឡប់មកមើលថែសុខភាពខ្លួនឯងឱ្យបានល្អជាងមុនផងដែរ ហើយនាងក៏បានអរគុណទៅដល់មហាជនអ្នកគាំទ្រដែលតែងតែបារម្ភពីនាងកន្លងមក នាងជឿថានឹងអាចឆ្លងផុតគ្រប់យ៉ាងទៅបាន បើសិនជានាងមានភាពរឹងមាំទាំងកាយ និង ចិត្ត៕
ប្រភព៖ Mgronline