នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្រសួងព័ត៌មាន បានចេញផ្សាយពីការប្រារព្ធទិវាសន្តិភាពនៅកម្ពុជាជាលើកដំបូង ដែលយោងតាមកម្មវិធីគ្រោងទុក «ទិវាសន្តិភាពនៅកម្ពុជា» នឹងប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ នៅវិមានឈ្នះឈ្នះ និង នៅវិមានកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសម្រាប់សិក្សា និង រៀបចំសាងសង់វិមានឈ្នះ-ឈ្នះ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តាមប្រភពបានឱ្យដឹងថា ការរៀបចំ «ទិវាសន្តិភាពនៅកម្ពុជា» នៅវិមានឈ្នះឈ្នះ រួមមានពិធីមិទិ្ទញដែលមានកម្លាំងចូលរួមចំនួន ១១៨២០ នាក់ ដោយចែកចេញជាផែនឈររបស់កងយោធពលខេមរភូមិន្ទ ផែនឈរនគរបាលជាតិ ផែនកងកិត្តិយស ត្រែទ័ព ផែនក្រុមមន្ត្រី រាជការ ផែនប្រជាពលរដ្ឋ ផែនក្រុមយុវជនកាយរិទ្ធ ផែនក្រុមសហព័ន្ធគុនល្បុកតោ។ល។
ក្នុងនោះក៏មានការរៀបចំស្តង់តាំងពិព័រណ៍បង្ហាញវត្ថុអនុស្សាវរីយ៍ទាក់ទងព្រឹត្តិការណ៍ប្រវត្តិតស៊ូ ព្រមទាំងមានបាញ់កាំជ្រួចជាប់ៗគ្នារយៈពេល ៣ រាត្រីទៀតផង។ ដោយឡែក នៅពេលល្ងាចមានការប្រកួតបាល់ទាត់នៅក្នុងវិមានកីឡដ្ឋានជាតិមរតកតេជោ ព្រមជាមួយនឹងការប្រគំតន្ត្រី បុរាណ សម័យ ជាមួយវត្តមានតារាចម្រៀងល្បីៗ មានប្រជាប្រិយភាពក្នុងស្រទាប់មហាជន ដែលក្នុងពិធីនេះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងនោះបើតាមការប៉ានស្មាន នឹងមានអ្នកចូលរួមទស្សនាបាល់ទាត់ប្រមាណ ៥ ម៉ឺននាក់ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមអាវយឺតចំនួន ៥ ម៉ឺនអាវ ដើម្បីចែកជូនផងដែរ៕
ប្រភព ៖ ក្រសួងព័ត៌មាន