នាពេលថ្មីៗនេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុរយៈពេល ៣ ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ខែមករា ឆ្នាំ ២០២៥ ឱ្យបានដឹងថា តាមការអង្កេត ពិនិត្យ និង វិភាគ ទៅលើស្ថានភាពវិវត្តប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិច និង មហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័របានបង្ហាញឱ្យឃើញថា ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ ខែមករា ឆ្នាំ ២០២៥ បាតុភូតឡានីញ៉ា (La Nina) មានប្រមាណ ៦០% និង អេនសូ (ENSO) ៤០%។
ក្រសួងបានបន្តឱ្យដឹងថា តាមសន្ទស្សន៍នេះ កម្ពុជានឹងទទួលឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំង ដែលនាំមកនូវខ្យល់ត្រជាក់ និង ទទួលរបបទឹកភ្លៀងមានបរិមាណតិចតួច ហើយនឹងធ្វើឱ្យធាតុអាកាស ចាប់ពីសប្តាហ៍ទីពីរ ខែវិច្ឆិកា ដល់ខែមករា ឆ្នាំ ២០២៥ មានលក្ខណៈដូចតទៅ៖
១. តំបន់វាលទំនាប
ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល ខេត្តតាកែវ និង រាជធានីភ្នំពេញ មានសីតុណ្ហភាពមធ្យមអប្បបរមា ២០°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣១°C ខ្យល់បក់មកពីទិសឦសាន និង អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៥%។
២.តំបន់ខ្ពង់រាប
ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និង ខេត្តមណ្ឌលគិរី មានសីតុណ្ហភាពមធ្យមអប្បបរមា ២០°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣០°C និង មានខ្យល់បក់មកពីទិសឦសាន និង ទិសឧត្តរ។
៣. តំបន់មាត់សមុទ្រ
ខេត្តកោះកុង ព្រះសីហនុ កំពត និង ខេត្តកែប មានសីតុណ្ហភាពមធ្យមអប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣២°C និង មានខ្យល់បក់មកពីទិសឦសាន និង អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ។ ដោយឡែក តំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និង ជួរភ្នំបូកគោ មានសីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣០°C និង មានខ្យល់បក់មកពីទិសឦសាន៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖