ពិតណាស់ ក្រោយពីផ្ទុះការវែកញែកបែកផ្សេងលើបណ្ដាញសង្គមមួយរយៈជុំវិញរឿងរ៉ាវពហិកាមិនប្រកួតបន្ត ថ្មីៗកន្លងទៅ ក៏បានឃើញកញ្ញា ដេត ស្រីនាឌ បង្ហោះប្រកាសលើហ្វេសប៊ុកជាថ្មីពាក់ព័ន្ធវិស័យបវរកញ្ញា ដោយនាងនៅតែប្រកាន់ជំហរបង្ហាញឆន្ទៈចង់ចូលរួមប្រកួតបវរកញ្ញាម្ដងទៀត ដោយជ្រើសរើសកម្មវិធីណាមួយដើម្បីបញ្ចេញសមត្ថភាពប្រកួតក្នុងឆ្នាំ ២០២៥ នេះ ទោះជាបានដឹងខ្លួនថាពេលនេះមិនទាន់ទទួលគាំទ្រពីមហាជនអ្នកគាំទ្រដូចដើមវិញក៏ដោយ។
ក្នុងនោះ កញ្ញា ដេត ស្រីនាឌ បានបង្ហោះរៀបរាប់ថា ៖ «ជំរាបសួរ លោកអ៊ំ ពូមីង លោកតាលោកយាយ និង ពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ នាងខ្ញុំមិនអាចដូរការគិតរបស់បងប្អូនចំពោះនាងខ្ញុំក្នុងបញ្ហាដែលបានកើតឡើងកន្លងមក ហើយនាងខ្ញុំមិនអាចបកស្រាយឱ្យអស់សេចក្តីនូវគ្រប់ករណីទេ តែរូបនាងខ្ញុំបានសម្រេចចិត្តថា ឆ្នាំថ្មី ឆ្នាំ 2025 នាងខ្ញុំនឹងជ្រើសរើសការបង្ហាញឆន្ទៈរបស់ខ្ញុំចំពោះវិស័យបវរកញ្ញាក្នុងកម្មវិធី Miss ណាមួយដើម្បីចូលប្រកួត ហើយខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពនូវអ្វីដែលនាងខ្ញុំមាន និង សូមពុកម៉ែបងប្អូនផ្តល់ឱកាសឱ្យនាងខ្ញុំបានបង្ហាញនូវឆន្ទៈ និង គោលដៅរបស់នាងខ្ញុំដោយការអនុគ្រោះ ខ្ញុំដួលកន្លែងណាខ្ញុំនឹងខំប្រឹងក្រោកឈរនៅកន្លែងនោះ»។
ដោយឡែក ក្រោយពីប្រកាសវិលត្រឡប់ម្ដងទៀត មកដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ កញ្ញា ដេត ស្រីនាឌ ក៏បានសម្រេចចិត្តដាក់ពាក្យចូលប្រកួតហើយ ដែលគេបានឃើញវត្តមានរបស់នាងជាបេក្ខភាពផ្លូវការក្នុងកម្មវិធីប្រកួតបវរកញ្ញាថ្មីមួយ Miss Lakamo Cambodia 2025។
ក្រឡេកមើលមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាវិញ ក្រោយឃើញវត្តមានរបស់កញ្ញា ដេត ស្រីនាឌ ដាក់ពាក្យចូលប្រកួតជាផ្លូវការលើហ្វេសប៊ុកផេក Miss Lakamo Cambodia ឃើញថាលើបណ្ដាញសង្គមកំពុងផ្ទុះចែករំលែក និង បញ្ចេញមតិវែកញែកជាច្រើន ដែលមួយចំនួនបញ្ចេញមតិគាំទ្រ និង មួយចំនួនទៀតបានបញ្ចេញយោបល់តាមគំនិតពួកគេរៀងៗខ្លួន៕