ពិតជារឿងដ៏គួរឱ្យរំជួលចិត្តខ្លាំងណាស់ សម្រាប់បុរសជនជាតិថៃម្នាក់ ដែលបានបរិច្ចាគគ្រោងឆ្អឹងរបស់ខ្លួនឱ្យទៅខាងសាលាពេទ្យ ដើម្បីឱ្យនិស្សិតបានសិក្សា ក្រោយពីបានស្លាប់ដោយសារតែជំងឺមហារីកសួត។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះ មានឈ្មោះថា Kritthai មានមុខរបរជាវេជ្ជបណ្ឌិតផង និង ជាសាស្រ្តាចារ្យមួយរូបនៅសកលវិទ្យាល័យឈៀងម៉ៃផង។ កាលពីឆ្នាំ ២០២២ កន្លងទៅ Kritthai បានរកឃើញថាខ្លួនមានជំងឺមហារីកសួតដំណាក់កាលចុងក្រោយទៅហើយ ដោយមិនអាចព្យាបាលឱ្យសះស្បើយបាននោះទេ។
យ៉ាងណាក៏ដោយ Kritthai បានខិតខំប្រឹងប្រែងព្យាបាលជំងឺមួយនេះខ្លាំងណាស់ ហើយក៏បានប្រើពេលវេលាដែលនៅសល់យ៉ាងមានប្រយោជន៍ ដោយបាននិពន្ធជាសៀវភៅនិយាយពីខ្សែជីវិតរបស់ខ្លួន និង លើកទឹកចិត្តអ្នកដទៃតាមបណ្តាញសង្គម ដែលធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ និង ចូលចិត្តគាំទ្រយ៉ាងខ្លាំង។
យ៉ាងណាមិញ គួរឱ្យសោកស្តាយ នៅខែធ្នូ ឆ្នាំ ២០២៣ លោក Kritthai ក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងវ័យ ២៩ ឆ្នាំ ក្រោយពីបានចូលរោងការជាមួយនឹងសង្សារសំណព្វចិត្តរួច។ លើសពីនេះទៅទៀត ថ្មីៗនេះលោក Kritthai ក៏បានធ្វើឱ្យមហាជននាំគ្នារំជួលចិត្តស្រក់ទឹកភ្នែកជាថ្មីម្តងទៀត ក្រោយពីដឹងថាលោកបានបរិច្ចាគគ្រោងឆ្អឹងរបស់ខ្លួន ដើម្បីប្រយោជន៍ក្នុងការសិក្សាទៅដល់និស្សិតពេទ្យ នេះបង្ហាញឱ្យឃើញលោកពិតជាមនុស្សដែលមានទឹកចិត្តគួរឱ្យស្ងើចសរសើរខ្លាំងណាស់៕
ប្រភព៖ MATICHON