មកទល់ពេលនេះ ភ្លើងឆេះព្រៃ Palisades Fire ដែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅ Los Angeles រដ្ឋ California សហរដ្ឋអាមេរិក បានរលត់អស់ទៅជាបណ្តើរហើយៗ បន្សល់តែគំនរផេះដែលពាសពេញរដ្ឋជាផ្ទះរបស់ប្រជាជន ដែលត្រូវបានអណ្ដាតភ្លើងលេបត្របាក់។
យ៉ាងណាមិញ ខណៈភ្លើងមិនទាន់រលត់ស្ងប់អស់នៅឡើយ ស្រាប់តែ California ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីម្តង។ តាមព័ត៌មានបានឱ្យដឹងថា រដ្ឋ California បានជួបប្រទះការរញ្ជួយដីដល់ទៅ ៤ ដងក្នុងរយៈពេលត្រឹម ២៤ ម៉ោង ក្នុងថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ នេះ។
ការរញ្ជួយដីនេះដែរ បានកើតឡើងនៅទីតាំងផ្សេងៗគ្នានៅទូទាំងរដ្ឋ California តាមបណ្ដោយ San Andreas fault ដែលលាតសន្ធឹងចម្ងាយ ៨០០ ម៉ាយតាមឆ្នេរសមុទ្ររបស់រដ្ឋ។ ការរញ្ជួយដីកម្រិត ២.៨ វ៉ិចទ័រ ត្រូវបានកើតឡើងនៅចម្ងាយ ១៨០ ម៉ាយភាគខាងជើងនៃទីក្រុង Los Angeles ដែលជាកន្លែងភ្លើងកំពុងឆាបឆេះ និង ការរញ្ជួយដីកម្រិត ២.៨ វ៉ិចទ័រមួយទៀត បានកើតឡើងនៅក្នុងទីក្រុង San Jose ។ រីឯមួយទៀតកម្រិត ២.៨ រ៉ិចទ័រ កើតឡើងប្រហែល ១៥ ម៉ាយភាគអាគ្នេយ៍នៃ Avenal ព្រមទាំងនៅ San Bernardino County ៕
ប្រភព៖ Mail Online