ករណីជំងឺរបស់ស្រ្តីជនជាតិចិនវ័យ ៥១ ឆ្នាំម្នាក់ ត្រូវបានមហាជនចែកចាយដោយការចាប់អារម្មណ៍ បន្ទាប់ពីស្រ្តីរូបនេះបានកើតជំងឺរលាកស្រោមខួរក្បាលប៊ិះនឹងអស់ជីវិត ដោយសារតែការឆ្លងមេរោគពីក្នុងផ្សារ។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះ តែងតែមានការឈឺក្បាលធ្ងន់ធ្ងរជាប្រចាំមិនងាយនឹងបាត់សោះ បើទោះជាលេបថ្នាំឈឺក្បាលមួយថ្ងៃ ៦ គ្រាប់ក៏ដោយនៅតែមិនប្រសើរឡើងឡើយ។ លុះពេលទៅមន្ទីរពេទ្យ ក៏ត្រូវបានគេវិនិច្ឆ័យអាចជាជំងឺខ្សោយឆ្អឹងកញ្ចឹងក ទើបគ្រូពេទ្យបានព្យាបាលទៅតាមការវិនិច្ឆ័យ ប៉ុន្តែអាការៈកាន់តែធ្ងន់ធ្ងរទៅៗ ពោលគឺឈឺក្បាលសឹងតែផ្ទុះ និង ឈឺចាប់ពេញរាងកាយ។
ដោយសារតែឃើញស្ថានការណ៍មិនល្អ ខាងគ្រួសាររបស់ស្រ្តីរូបនេះក៏បានផ្លាស់ប្តូរមន្ទីរពេទ្យ ទើបក្រោយមកក៏រកឃើញថាស្រ្តីរូបនេះមានការរលាកស្រោមខួរដែលបង្កដោយមេរោគ Cryptococcus ហើយបានបណ្តាលឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ជាពិសេសគឺប៉ះពាល់ដល់ការមើលឃើញ និង ការស្តាប់ទៀតផង។ ជាសំណាងល្អ ស្រ្តីរូបនេះក៏បានឆ្លងកាត់ការវះកាត់បានជោគជ័យ ហើយអាការៈក៏កាន់តែប្រសើរឡើងជាងមុន។
ចំណែកឯមូលហេតុដែលបង្កឱ្យឆ្លងមេរោគនោះ ខាងគ្រូពេទ្យបានឱ្យដឹងថា ស្រ្តីរូបនេះតែងតែទៅផ្សារជាប្រចាំ ដោយបានប៉ះពាល់ជាមួយនឹងសាច់សត្វបក្សី ហើយរួមជាមួយនឹងរាងកាយដែលទន់ខ្សោយទៀតនោះ វាក៏បង្កទៅជាការឆ្លងមេរោគបែបនេះ៕
ប្រភព៖ Sanook