សារព័ត៌មាន Next Apple បានរាយការណ៍ពីករណីគូស្នេហ៍មួយគូ ដែលប៊ិះនឹងអស់ជីវិតទាំងពីរនាក់ ក្រោយពីបានឱបគ្នាជិះឆត្រយោងនៅកណ្តាលសមុទ្រ ហើយដាច់ខ្សែធ្លាក់ចូលទៅក្នុងទឹក ថែមទាំងត្រូវរលកបោកផ្ទប់ជាមួយច្រាំង។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងនៅលើកោះ San Andres សមុទ្រ Caribbean Sea ប្រទេសកូឡុំបៀរ ដោយគូស្នេហ៍មួយគូនេះ បាននាំគ្នាជិះឆ័ត្រយោងដែលសណ្តោងដោយទូកល្បឿនលឿនមួយគ្រឿង។ ខណៈពួកគេកំពុងតែសប្បាយ ស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំង បណ្តាលឱ្យដាច់ខ្សែដែលភ្ជាប់ជាមួយនឹងទូក ហើយពួកគេទាំងពីរនាក់ក៏បានធ្លាក់ចូលទៅក្នុងទឹក រួចក៏ត្រូវរលកបោកទៅឆ្ងាយ និង ផ្ទប់ជាមួយនឹងច្រាំងមួយទំហឹង។
យ៉ាងណាមិញ អ្នកនៅលើទូកបានតាមទៅជួយគូស្នេហ៍ទាំងគូយ៉ាងប្រញាប់ប្រញាល់ ហើយក៏បានបញ្ជូនពួកគេទៅព្យាបាលនៅមន្ទីរពេទ្យ ដោយម្នាក់ៗបានរងរបួសយ៉ាងធ្ងន់ធ្ងររៀងៗខ្លួន៕
ប្រភព៖ Kapook