នៅក្នុងសង្គមបច្ចុប្បន្ន បណ្តាញសង្គមជាកន្លែងចែករំលែកឥតដែនកំណត់។ យ៉ាងណាមិញ មនុស្សមួយចំនួនហេតុតែមានអត្តចរិតចូលចិត្តបង្ហាញ ចូលចិត្តឱ្យគេដឹង ឬ និយាយឱ្យត្រង់ចំៗ គឺចង់អួតពីខ្លួនឯង ពួកគេបានប្រើប្រាស់បណ្តាញសង្គមជាផ្លូវផ្សព្វផ្សាយទៅកាន់ពិភពលោក។ ជាក់ស្តែង ករណីមួយដែលកើតឡើងញឹកញយ គឺការធ្វើខ្លួនជាអ្នកចែករំលែកបទពិសោធ ជាអ្នកជោគជ័យខ្ពស់ ខណៈដែលធាតុពិត ពួកគេនៅមានកម្រិតនៅឡើយ។ ដើម្បីជៀសវាងការបំភាន់ពីបុគ្គលរូបនេះ អ្នកជំនាញបានណែនាំរបៀបសម្គាល់ពួកគេតាមរយៈ ៧ ចំណុចដូចខាងក្រោម។
១. ប្រាប់ជោគជ័យ តែមិនចំចំណុច
ជាធម្មតាពួកគេចូលចិត្តប្រាប់ ឬ សរសេរអំពីភាពជោគជ័យ តែភាគច្រើនការប្រាប់ ឬ សរសេររបស់ពួកគេ គ្មានចំណុចណាមួយមកបញ្ជាក់ច្បាស់លាស់ ឧទាហរណ៍ដូចជា ជោគជ័យរបៀបណា ពីពេលណា លទ្ធផលបែបម៉េច មានភស្តុតាងអ្វីខ្លះ…ជាដើម។ កង្វះភាពជាក់លាក់នេះហើយជាចំណុចខ្សោយរបស់ពួកគេ។
២. ចែករំលែកមិនស៊ីជម្រៅ
រឿងរ៉ាវជោគជ័យរបស់ពួកគេ ផ្តោតបង្ហាញតែចំណុចត្រួសៗ ដោយមិនលម្អិតអំពីការខិតខំ ឬ ការពុះពារដើម្បីប្រឈមឡើយ។ ពួកគេនឹងគេចវេះបើអ្នកសួរពួកគេច្រើនអំពីការប្រឈម។ មនុស្សជោគជ័យពិតប្រាកដ គេចែករំលែកគ្រប់ចំណុចដែលជាឧបសគ្គ និង លម្អិតអំពីរបៀបដែលពួកគេដោះស្រាយបានយ៉ាងល្អ។
៣. និយាយមិនស្របគ្នា
រឿងរ៉ាវជោគជ័យរបស់ពួកគេតែងតែផ្លាស់ប្តូរគ្រប់ពេល។ ពួកគេអាចលើកពីភាពជោគជ័យដដែល តែនិយាយម្តងបែបនេះ ម្តងបែបនោះ យូរៗទៅហាក់ដូចប្រឆាំងនឹងខ្លួនឯងវិញ កើតជាការមិនទំនង មិនច្បាស់ថារបៀបណាមួយដែលធ្វើឱ្យពួកគេជោគជ័យឱ្យពិតប្រាកដ។
៤. មើលមកឥតខ្ចោះគ្រប់ជ្រុង
ពួកគេចូលចិត្តចែករំលែករូបភាព ឬ សរសេរអួតពីភាពឥតខ្ចោះនៃការរស់នៅ។ នេះជាសញ្ញាបង្ហាញថា ពួកគេរក្សាតែជ្រុងវិជ្ជមានម្ខាងនៃជីវិត ដោយឡែកធាតុពិត ពួកគេរស់នៅមិនទទួលយកភាពជាខ្លួនឯង ឬ មិនហ៊ានទទួលស្គាល់ការពិត។
៥. លើកកម្ពស់តែខ្លួនឯង
បើទោះពួកគេនិយាយថាខ្លួនគេជោគជ័យ ប៉ុន្តែពួកគេកង្វះសមិទ្ធផលជាក់ស្តែង ដែលបង្កើតផលវិជ្ជមានចំពោះអ្នកដទៃ។ មនុស្សជោគជ័យពិតប្រាកដ គេតែងបង្ហាញអ្វីដែលជាគំរូដល់អ្នកដទៃ និង ជាការបំផុសគំនិតអាចឱ្យអ្នកដទៃចូលរួមដើម្បីជោគជ័យដូចគ្នា។ ដោយឡែកបុគ្គលនេះវិញ ផ្តោតលើកកម្ពស់តែខ្លួនឯង ផ្សព្វផ្សាយអួតតែខ្លួនឯង និង ជោគជ័យតែម្នាក់ឯងដោយគ្មានអ្វីជាសារ ឬ ជាការជំរុញចិត្តដល់មនុស្សជុំវិញខ្លួនឡើយ។
៦. ចេញមុខចេញមាត់ហួសហេតុ
ពួកគេពឹងផ្អែកខ្លាំងលើបណ្តាញសង្គមដើម្បីបង្កើតរូបភាពជោគជ័យ ជួនអាចប្រើលុយបុកដើម្បីជំរុញឱ្យមានអ្នកមើល ឬ អ្នកតាមដាន។ ពួកគេចូលចិត្តធ្វើខ្លួនឱ្យមានប្រជាប្រិយភាព និង មានឥទ្ធិពល ខណៈដែលអ្នកជោគជ័យពិតប្រាកដគេមិនត្រូវការការបញ្ជាក់ដល់ថ្នាក់នេះទេ។
៧. នរណាក៏ស្គាល់
ឱ្យតែនិយាយពីបុគ្គលមានមុខមាត់ ឬ បុគ្គលមានឥទ្ធិពលនៅក្នុងសង្គម គេតែនិយាយថាគេស្គាល់អ្នកនេះ ស្គាល់អ្នកនោះ ជួនយើងមិនទាំងសួរក៏គេលើកមកប្រាប់ផងដែរ។ និយាយរួម គេចូលចិត្តលើកខ្លួនឯងជាមនុស្សពូកែទំនាក់ទំនង មានបណ្តាញខ្ពស់ ខណៈដែលធាតុពិត ពួកគេគ្មានភស្តុតាងទំនាក់ទនងនរណាម្នាក់ច្បាស់លាស់ឡើយ៕