មានករណីដ៏ហួសចិត្តមួយបានកើតមានឡើងនៅសាធារណរដ្ឋដូមីនីក ដោយស្ត្រីម្នាក់ឈ្មោះ Miriam Cruz ជា KOL ដ៏ល្បីលើអ៊ីនធឺណែត ត្រូវប្រទះការបែកបាក់គ្នានឹងស្វាមី ១០ ឆ្នាំ ក្រោយរូបនាងចូលរួមការប្រគំតន្ត្រីមួយរបស់ក្រុមចម្រៀងសំណព្វចិត្តរបស់ខ្លួន។
ហេតុការណ៍ខាងលើនេះដែរកើតមានឡើងតាំងពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅម៉្លេះ ដោយស្ត្រីខាងលើបានទៅចូលរួមការប្រគំតន្ត្រីរបស់ក្រុមអាមេរិកឈ្មោះ Aventura។ អ្វីដែលរឹតតែធ្វើឱ្យនាងរំភើបខ្លាំងបំផុតនោះគឺនាងមានសំណាងត្រូវបានអញ្ជើញឡើងលើឆាកច្រៀងជាមួយអាយដូលរបស់នាងទៀតផង។
តាមរយៈវីដេអូបានបង្ហាញឱ្យឃើញថា នាង Miriam បានឡើងទៅលើឆាកគោរពស្វាគមន៍ទៅកាន់សមាជិកក្រុមចម្រៀងនីមួយៗ ដោយក្រោយមកនាងក៏បានចាប់ឱបថើប lead singer ឈ្មោះ Romeo Santos ហើយក្រោយមកទៀត នាងក៏បានអង្គុយចុះច្រៀងដោយដៃដាក់លើភ្លៅតារាចម្រៀងរូបនោះយ៉ាងស្និទ្ធស្នាលទៀតផង។
ក្រោយការប្រគំតន្ត្រីបានបញ្ចប់ Miriam បង្ហាញក្ដីរំភើបរបស់ខ្លួនដោយធ្វើការបង្ហោះសារទាំងរីករាយរៀបរាប់ថាការដែលបានថើប Romeo គឺជាក្ដីស្រមៃមួយដែលបានក្លាយជាការពិត។ នាងបានរៀបរាប់ថា ៖ «សម្រាប់ខ្ញុំ ខ្ញុំមិនត្រឹមតែស្ញប់ស្ញែងតារាម្នាក់នេះប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏គិតថាគាត់ជាមនុស្សអស្ចារ្យម្នាក់ផងដែរ។ ខ្ញុំបានតាមដាន និង កោតសរសើរគាត់ជាយូរមកហើយ»។
យ៉ាងណាមិញ ក្ដីរំភើបរបស់នាងមួយនេះបែរជាបានធ្វើឱ្យចំណងស្នេហ៍ ១០ ឆ្នាំជាមួយស្វាមីត្រូវបញ្ចប់ទៅវិញ។ នាងបានរៀបរាប់ថា ៖ «ពេលនោះខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ហើយខ្ញុំមិនដឹងសោះឡើយថាវាអាចនឹងប៉ះពាល់ដល់ក្រុមគ្រួសាររបស់ខ្ញុំ»។
ទោះជាសោកសៅខ្លាំងប៉ុនណា ប៉ុន្តែ Miriam គឺគោរពចំពោះការសម្រេចចិត្តរបស់ប្ដីនាងក្នុងការលែងលះគ្នានេះ។ នាងបានបន្ថែមថា៖ «ខ្ញុំពិតជាសុំទោសចេញពីក្រអៅបេះដូង។ ខ្ញុំមិនដែលគិតថាចង់ធ្វើឱ្យគាត់ឈឺចាប់នោះទេ។ ខ្ញុំគ្រាន់តែសង្ឃឹមថា បើទោះជាយើងចែកផ្លូវគ្នាក៏ពិតមែន ប៉ុន្តែយើងនៅតែរាប់រកគ្នា រួបរួមគ្នាដើម្បីកូនៗរបស់យើង»៕