ពពោះមកដល់ត្រីមាសទី ៣ ស្ត្រីនឹងចាប់ផ្តើមមានអារម្មណ៍ពិបាកដេកជាងត្រីមាសមុនៗ ដោយហេតុគភ៌កាន់តែធំ ធ្វើឱ្យមិនស្រណុកខ្លួនជាមួយអាការផ្សេងៗដូចជា ចុករោយចង្កេះ ឈឺទ្រូង និង ស្ទះដង្ហើមពេលគេងជាដើម។ ដើម្បីសម្រួលការដេក ជាទូទៅស្ត្រីតែងដេកផ្អៀងទៅខាងឆ្វេង ឬផ្អៀងទៅខាងស្តាំតាមទម្លាប់ តែបើតាមអ្នកស្រាវជ្រាវ ឥរិយាបថដេកល្អបំផុតនៅអំឡុងពពោះត្រីមាសទី ៣ គឺការដេកផ្អៀងទៅខាងឆ្វេង។
អ្នកស្រាវជ្រាវបានណែនាំឱ្យស្ត្រីដេកផ្អៀងទៅខាងឆ្វេង ដោយលើកជើងគងបន្តិចក្នុងទិសស្របមករកចង្កា។ ការដេកបែបនេះវាជួយជំរុញលំហូរឈាមទៅកាន់ស្បូន និង ជួយនាំយកសារធាតុចិញ្ចឹម និង អុកស៊ីហ្សែនទៅកាន់ទារក។ វាជួយឱ្យចរន្តឈាម និង មុខងារតម្រងនោមប្រសើរឡើង ហើយថែមទាំងកាត់បន្ថយការហើម ឫសដូងបាត និង ការប៉ោងសរសៃឈាមនៅត្រង់ជើងផងដែរ។ សម្រាប់ស្ត្រីដែលឧស្សាហ៍ហើមជើង អាចសាកល្បងដេកដាក់ជើងឱ្យខ្ពស់ជាងពោះ។
ខណៈការដេកផ្អៀងទៅខាងឆ្វេងល្អនៅត្រីមាសទី ៣ ដោយឡែកគ្នានេះ អ្នកជំនាញក៏ផ្តល់ដំបូន្មានឱ្យជៀសវាងការដេកផ្អៀងទៅខាងស្តាំ និង ការដេកផ្ងារ។ ជាក់ស្តែង ការដេកផ្អៀងទៅខាងស្តាំ វានឹងដាក់ទម្ងន់នៃស្បូនទៅលើថ្លើម រីឯការដេកផ្ងារវានឹងកាត់បន្ថយលំហូរឈាម ជាពិសេសបិទខ្ទប់ឈាមហូរទៅកាន់បេះដូង។ សម្រាប់ការសម្រួលឥរិយាបថដេក ស្ត្រីអាចប្រើខ្នើយកល់បន្ថែម អាចជាខ្នើយតូចៗ ឬមួយខ្នើយធ្វើឡើងសម្រាប់ស្ត្រីមានផ្ទៃពោះតែម្តង។ កាលណារៀបរយឥរិយាបថដេក វានឹងជួយឱ្យស្ត្រីដេកឆាប់លក់ ដេកគ្រប់គ្រាន់ ល្អចំពោះសុខភាពទាំងម្តាយ និង កូនក្នុងផ្ទៃ៕
ប្រភព៖ Sleepfoundation