កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ មានករណីបាញ់ប្រហារមួយនៅប្រទេសថៃ ដោយមានបុរសម្នាក់ខឹងនឹងអ្នករត់តុក្នុងហាងបបរស រួចក៏បានទាញកាំភ្លើងបាញ់រះពេញក្នុងហាង បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ២ នាក់ និង របួស ៣ នាក់។
តាមព័ត៌មានបានឱ្យដឹងថា ហេតុកាណ៍បានកើតឡើងនៅក្នុងហាងបបរសមួយកន្លែង នាស្រុក Hat Yai ខេត្ត Songkla ប្រទេសថៃ នាម៉ោងប្រមាណ ១០ យប់ ដោយបុរសជនដៃដល់មានវ័យ ៥០ ឆ្នាំ មានមុខរបរជាមន្រ្តីស្ម័គ្រចិត្តម្នាក់។ ក្នុងនោះ បុរសរូបនេះ បានចូលទៅហាងបបរសខាងលើ ហើយហៅម្ហូប ព្រមទាំងស្រាមកអង្គុយទទួលទានតែម្នាក់ឯង រួចក៏បានចេញទៅក្រៅហាងដើម្បីជក់បារីមួយភ្លែត។ រីឯអ្នករត់តុឃើញបែបនេះ ក៏គិតថាបុរសរូបនេះឈប់ទទួលទាន និង គិតលុយរួចហើយ ទើបបានទៅប្រមូលរៀបចំតុដែលបុរសនោះអង្គុយ ដែលធ្វើឱ្យបុរសនេះកើតជាកំហឹងឈ្លោះទាស់ទែងជាមួយនឹងអ្នករត់តុ ព្រមទាំងម្ចាស់ហាង។
យ៉ាងណាមិញ បុរសរូបនេះ បានបើកឡានចេញពីហាងមួយសន្ទុះ ទើបក្រោយមកក៏ត្រឡប់មកវិញជាមួយនឹងកាំភ្លើងមួយដើម ហើយក៏បានធ្វើការបាញ់ប្រហារនៅក្នុងហាងយ៉ាងគួរឱ្យរន្ធត់ រួចក៏ទៅប្រគល់ខ្លួនឱ្យប៉ូលិសដោយខ្លួនឯង។ ដោយឡែក ជនរងគ្រោះដែលបានបាត់បង់ជីវិត មាន ២ នាក់ជាប្តីប្រពន្ធនឹងគ្នា ហើយកូនស្រីវ័យ ៦ ឆ្នាំបានរងរបួស ដោយទាំងគ្រួសារនេះ គឺជាភ្ញៀវដែលនាំគ្នាមកជប់លៀងខួបកំណើតនៅក្នុងហាងនេះ រីឯជនរងគ្រោះ ១ ទៀតគឺជាម្ចាស់ហាងផ្ទាល់ និង ១ នាក់ទៀត គឺជាភ្ញៀវដូចគ្នា៕
ប្រភព៖ Khaosod