ពិតណាស់បងប្អូនស្ត្រីមេផ្ទះ និង អ្នកចូលចិត្តចម្អិនម្ហូបទាំងអស់ មានពេលខ្លះលោកអ្នកនឹងអាចមានអារម្មណ៍ថារកនឹកពុំឃើញថានឹងគួរធ្វើម្ហូបអ្វីឱ្យប្លែក និង គួរឱ្យចាប់អារម្មណ៍ ព្រោះថាតែងធ្វើវាជាប្រចាំទៅហើយ ពុំមានបញ្ជីមុខម្ហូបណាថ្មី និង ពុំសូវមានភាពច្នៃប្រឌិតប្លែកៗជាដើម។
ដូច្នេះហើយ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវអ្នកផលិតមាតិកាចំនួន ៣ រូប នៅកម្ពុជា ដែលតែងធ្វើមុខម្ហូបប្លែកៗ ប្រកបដោយភាពច្នៃប្រឌិតជាប្រចាំ គួរឱ្យចាប់អារម្មណ៍ដែលមានដូចជា ៖
១. កញ្ញា ឆម ស្រីផាច
មាតិកាវីដេអូធ្វើម្ហូបបែបស្រុកស្រែជនបទរបស់កញ្ញា ឆម ស្រីផាច ដែលជាកូនអ្នកខេត្តបន្ទាយមានជ័យ មានអ្នកទស្សនាខ្ទង់លាននាក់ រហូតទាក់ព្រះទ័យ ព្រះនាងតូច នរោត្តម ចេនណា ទ្រង់យាងទៅលេង ព្រមទាំងចូលរួមធ្វើម្ហូបជាមួយទៀតផង។ តាមការឱ្យដឹង ស្រីផាច បានដាក់ចិត្តដាក់កាយផលិតមាតិកាវីដេអូធ្វើម្ហូបនេះ ជាមួយការរុករកបន្លែបង្ការធម្មជាតិក្នុងភូមិស្រុក តាមជនបទស្រែចម្ការ ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាស្រស់ស្រាយ និង ចូលចិត្តទស្សនាក្រៃលែងត្បិតថា វីដេអូនីមួយៗតែងនាំមកនូវភាពច្នៃប្រឌិតប្លែកៗជាច្រើនទៅលើមុខម្ហូបដែលនាងបានធ្វើ។
២. អ្នកនាង ឃុន គីមហៃ
អ្នកផលិតមាតិកាធ្វើម្ហូប ឃុន គីមហៃ មានទីលំនៅក្នុងខេត្តបាត់ដំបង តែងតែធ្វើម្ហូបទាក់ភ្នែកមហាជនមិនឱ្យអូសរំលងនោះឡើយ តាមរយៈមីនុយម្ហូបប្លែកៗបែបក្នុងភូមិស្រុកផ្ទះសំបែង ដែលមានដូចជា ឆាខួរគ្រឿង ម្ជូរស្លឹកសណ្តាន់ទាកាប៉ា, ញាំក្រូចថ្លុង, មឹកឆាពងទា, តៅហ៊ូបំពងស្រួយក្រឡុកគ្រឿង និង ចំហ៊ុយត្រីខ្មាន់មីសួ ជាដើម ដែលក្នុងមុខម្ហូបនីមួយៗអ្នកនាងបានរៀបរាប់ពីវិធីធ្វើយ៉ាងក្បោះក្បាយ ជាមួយមន្តសម្តីដ៏ពីរោះពិសា ធ្វើឱ្យមហាជនពេញចិត្តខ្លាំង។
៣. អ្នកនាង ឡុង ម៉ូនីកា
អ្នកនាង ឡុង ម៉ូនីកា ត្រូវបានគេស្គាល់ថាជាអ្នកផលិតមាតិកាជនជាតិខ្មែរដែលមានស្វាមីជាជនជាតិអាល្លឺម៉ង់។ អ្នកនាងត្រូវបានគេស្គាល់តាមរយៈការចម្អិនម្ហូបខ្មែរបែបគ្រួសារក្នុងផ្ទះ នៅឯទឹកដីអាល្លឺម៉ង់ ដោយការថតវីដេអូពីប្រទេសអាល្លឺម៉ង់បង្ហោះលើគណនីផេកហ្វេសប៊ុក និង TikTok ឱ្យអ្នកទស្សនានៅកម្ពុជាបានទស្សនា ក៏ដូចជារៀនសូត្រត្បិតថាមុខម្ហូបរបស់គាត់ មានលក្ខណៈពិសេសប្លែកៗ គួរឱ្យចង់ទស្សនា និង ចង់ទទួលទាន៕