កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ សារព័ត៌មាន The Laotian Times បានចេញផ្សាយពីបណ្ដាខេត្តមួយចំនួននៅភាគខាងជើងប្រទេសឡាវ ដែលរងនូវអាកាសធាតុត្រជាក់ខ្លាំងរហូតកកសម្ភារប្រើប្រាស់ ក៏ដូចជាភោគផលដំណាំនានា។
តាមព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ១៣ ខែមករា កន្លងទៅនេះ ខេត្តមួយចំនួននៅភាគខាងជើងប្រទេសឡាវ ជាពិសេសខេត្ត Xieng Khouang, Houaphanh និង Xaysomboun រងនូវអាកាសធាតុត្រជាក់ខ្លាំងជាងគេ។ ជាក់ស្ដែង កម្រងរូបភាពជាច្រើននៃពលរដ្ឋរស់នៅខេត្តខាងលើថតបាន បង្ហាញឱ្យឃើញបន្លែដំណាំ ម៉ូតូឡាន មានសភាពកកផ្នែកខាងលើអស់ ជាពិសេសនោះសូម្បីតែខោអាវហាលនៅខាងក្រៅផ្ទះក៏បានកករឹងឆ្កឹងដូចគ្នា។
គួរបញ្ជាក់ផងដែរថា បើតាមសារព័ត៌មាន The Laotian Times ចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ អាកាសធាតុនឹងនៅបន្តចុះត្រជាក់រហូតមានការកកតាមតំបន់ភ្នំ តំបន់ខ្ពង់រាប និង តាមបណ្ដាខេត្តនានាភាគខាងជើងប្រទេស៕
ប្រភព៖ The Laotian Times