នៅតាមបណ្តាញសង្គមក្នុងប្រទេសថៃ កំពុងតែមានការផ្ទុះវែកញែកជាខ្លាំងទៅលើករណីរបស់ស្រ្តីចំណាស់ម្នាក់ ដែលត្រូវកូនមិនឱ្យចូលក្នុងផ្ទះ ព្រោះតែមកទារលុយថ្លៃចិញ្ចឹមខ្លួនប្រចាំខែ។
តាមព័ត៌មានបានឱ្យដឹងថា គេបានប្រទះឃើញស្រ្តីចំណាស់ម្នាក់ អង្គុយតែម្នាក់ឯងយ៉ាងកម្សត់នៅតាមផ្លូវ ហើយខាងប៉ូលិសក៏បានហៅមកសួរនាំ ទើបដឹងថាស្រ្តីរូបនេះឈ្មោះ Vina មានវ័យ ៦៨ ឆ្នាំ។
តាមព័ត៌មានបានរៀបរាប់ថា ស្រ្តីចំណាស់ខាងលើនេះមានកូនៗ ៣ នាក់ ហើយពួកគេតែងបានផ្ញើលុយចិញ្ចឹមជារៀងរាល់ខែ ដោយក្នុងនោះកូនៗ ២ នាក់ តែងផ្ញើមកទុកឱ្យកូនស្រីមួយរូបមុនសិន រួចទើបបានកូនស្រីរូបនេះផ្ញើបន្តជូនម្តាយ ដែលសរុបក្នុងមួយខែៗប្រមាណ ៦០០០ បាត។
យ៉ាងណាមិញ ចុងក្រោយនេះប្រមាណ ៥ ខែ គឺមិនឃើញកូនស្រីដែលបងៗបានផ្ញើលុយទុកនោះផ្ញើជូនម្តាយឡើយ ហើយដោយសារបាត់យូរទើបម្តាយបានឡើងមកទារដល់ផ្ទះ ប៉ុន្តែពេលមកដល់នាងក៏ប្រាប់ថាមិនមានលុយ ព្រោះត្រូវយកទៅសងបំណុលគេអស់ហើយ និង ថែមទាំងហាមម្តាយមិនឱ្យចូលទៅក្នុងផ្ទះទៀត ទើបគ្មានជម្រើសម្តាយក៏អង្គុយនៅតាមផ្លូវនោះតែម្តងទៅ។
យ៉ាងណាមិញ តាមព័ត៌មានឱ្យដឹងថា តាមពិតស្រ្តីរូបនេះធ្លាប់ស្នាក់នៅជាមួយកូនស្រីខាងលើម្តងរួចហើយ តែមានបញ្ហាជាមួយគ្នា ទើបចាកចេញទៅរស់នៅតែម្នាក់ឯងតាមផ្លូវផង តាមវត្តផង ចំណែកឯផ្ទះនឹងដីធ្លីក៏បានលក់យកលុយមកចែកឱ្យកូនៗទាំង ៣ នាក់អស់ទៅហើយ៕
ប្រភព៖ MATICHON