នៅប្រទេសចិនថ្មីៗនេះ មានករណីរបស់ស្រ្តីម្នាក់ ដែលបានបាត់រដូវជាង ១ ឆ្នាំ ដល់ទៅពេទ្យពិនិត្យស្រាប់តែឃើញថានាងមានទម្ងន់ ហើយថែមទាំងត្រូវវះកាត់សម្រាលភ្លាមៗទៀត។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះមានវ័យ ៣៦ ឆ្នាំ នាងមានជំងឺដុំគីសក្នុងអូវែ ឬ Polycystic Ovary Syndrome ដែលធ្វើឱ្យនាងពិបាកនឹងមានកូន បើទោះបីជានាងចង់បានក៏ដោយ។ នាងក៏បានទទួលការព្យាបាល ប៉ុន្តែថ្ងៃមួយនាងក៏កើតការឡើងឈាមខ្ពស់ ដោយពេទ្យបានពិនិត្យឃើញថានាងមានរោគតម្រងនោម ហើយក៏បានឱ្យនាងសម្រាលព្យាបាលនៅមន្ទីរពេទ្យ។
គ្រូពេទ្យបានរកឃើញទៀតថា នាងបានបាត់រដូវជាង ១ ឆ្នាំហើយ អ្វីដែលហួសចិត្តនោះ ក្រោយពីឆ្លុះអេកូមើលទៅឃើញថានាងមានទម្ងន់ចំនួន ៨ ខែទៅហើយ ថែមទាំងឃើញថាបើទុកយូរបន្តិចទៀតអាចនឹងមានគ្រោះថ្នាក់ទាំងម្តាយទាំងកូន ព្រោះមានអាការៈមិនស្រួលច្រើនណាស់ ទើបសម្រេចចិត្តវះកាត់សម្រាលឱ្យនាងតែម្តង។
យ៉ាងណាមិញ ស្រ្តីរូបនេះសម្រាលបានកូនប្រុសមួយរូបប្រកបដោយសុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ពីគ្រូពេទ្យ នាងក៏បានជាសះស្បើយឡើងវិញ។ ដោយឡែក នាងក៏ហួសចិត្តខ្លួនឯងដែរ ព្រោះពេលដែលនាងដឹងថាមានកូន និង ពេលសម្រាលកូន គឺមានរយៈពេលសរុបត្រឹមតែ ៤ ម៉ោងប៉ុណ្ណោះ៕
ប្រភព៖ Sanook