វ័យទើបតែ ២៦ ឆ្នាំ លោក បូរ៉ា តុងហេង គឺជាប្រធាន និង ជាជំនាន់ទីពីរនៃ HengChhayly Group ដែលមានអាជីវកម្មតំបន់ទេសចរណ៍កម្សាន្តហៅថា ឡូរីជើងភ្នំបាណន់។ ជាប្រធានវ័យក្មេង មុខមាត់សង្ហា លោកអំណោយផលមកទាំងព្រម ទាំងសមត្ថភាព ជំនាញ និង ចំណេះដឹង។
ជាក់ស្តែង លោកមានជំនាញរចនាផ្នែកខាងក្នុង និង បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រពីមហាវិទ្យាល័យ Raffle International College នៅទីក្រុងភ្នំពេញ។ បន្ទាប់មកលោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Sunderland នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោកជាកូនច្បងក្នុងចំណោមបងប្អូន ៣ នាក់។ ខណៈរីករាយជីវិតរស់នៅបរទេស លោកក៏មានទំនួលខុសត្រូវអាជីវកម្មគ្រួសារផងដែរ។
ជាប្រធានវ័យក្មេង និង ពោរពេញដោយថាមពល កន្លងទៅនេះ លោក បូរ៉ា តុងហេង ត្រូវបានសារព័ត៌មានអន្តរជាតិ Prestige ជ្រើសរើសជាបុគ្គលមួយរូបនៅក្នុងកម្មវិធី «Prestige 40 under 40» ដែលផ្តោតលើបុគ្គល ៤០ នាក់អាយុក្រោម ៤០ ឆ្នាំ មានសមត្ថភាពខ្ពស់ ស្នាដៃល្អនៅក្នុងអាជីព និង មានឥទ្ធិពលទាំងក្នុងប្រទេស និង បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី។ បោះជំហានមោះមុតមកដល់ចំណុចនេះ លោកលើកឡើងថា «កត្តាដែលធ្វើឱ្យខ្ញុំជោគជ័យដល់សព្វថ្ងៃ គឺការបន្តរៀនសូត្រនូវអ្វីដែលថ្មីៗ ការទទួលយកមតិខុសប្លែក និង ការផ្តល់សេវាកម្មល្អបំផុតជូនអតិថជន។ ចំពោះចក្ខុវិស័យរបស់ខ្ញុំទៅលើអាជីវកម្មនាថ្ងៃអនាគត ខ្ញុំមានគោលបំណងយ៉ាងមោះមុតក្នុងការអភិរក្សនូវកេរមរតកខ្មែរ ក៏ដូចជាការអភិវឌ្ឍន៍ដើម្បីជួបជាមួយស្តង់ដាអន្តរជាតិ»៕
ប្រភព៖ Prestige