សារព័ត៌មាន SCMP បានចេញផ្សាយករណីបុរសវ័យខ្ទង់ ៤០ ឆ្នាំម្នាក់ត្រកូល Zhang បានកើតអាការថប់ដង្ហើម និង ចុកទ្រូងរហូតចូលពេទ្យសង្គ្រោះបន្ទាន់ ក្រោយរូបលោកជួយបង្រៀនមេរៀនកូនជាសិស្សអនុវិទ្យាល័យត្រៀមប្រឡងឡើងវិទ្យាល័យនៅខេត្ត Zhejiang ប្រទេសចិន។
ទៅដល់បន្ទប់សង្គ្រោះបន្ទាន់ គ្រូពេទ្យបានរកឃើញថាលោក Zhang កើតមានជំងឺ myocardial infarction ស្រួចស្រាវ (ធម្មតាហៅជំងឺគាំងបេះដូង) ដែលតម្រូវឱ្យលោកត្រូវធ្វើការវះកាត់សរសៃឈាមបេះដូងភ្លាមៗដើម្បីសង្គ្រោះជីវិត។
មូលហេតុបណ្ដាលឱ្យកើតមានជំងឺនេះដែរគឺត្រូវបានឱ្យដឹងថាមកពីការគាំងនៃសរសៃឈាមបេះដូងដែលជាញឹកញាប់អាការបែបនេះកើតមានឡើងដោយសារសម្ពាធផ្លូវចិត្ត និង ស្ត្រេស។
តាមព័ត៌មានបានឱ្យដឹងថា លោក Zhang ជាទម្លាប់តែងបង្រៀនកូន និង រៀបចំកិច្ចការសាលាឱ្យកូនអនុវត្តេល់យប់។ ទំនាក់ទំនងឪពុកកូនគេចាប់ផ្ដើមតានតឹងទៅៗនៅពេលដែលកូនប្រុសរបស់លោកមានអារម្មណ៍ថាសម្ពាធខ្លាំងជាមួយកិច្ចការដែលឪពុកដាក់ឱ្យធ្វើ។
បន្ថែមពីនេះ លោក Zhang ក៏បានចុះឈ្មោះឱ្យកូនរៀនថ្នាក់ត្រៀមប្រឡងឡើងវិទ្យាល័យជាច្រើនទៀត និង ថែមនាំកូនទៅមកសាលាដោយផ្ទាល់ទៀតផង ដែលជាហេតុធ្វើឱ្យកូនមានសម្ពាធលែងចង់រៀន ហើយក៏ជាហេតុធ្វើឱ្យលោកកើតស្ត្រេសរហូតគាំងបេះដូងបែបនេះផងដែរ៕